សម្ដេចតេជោ ៖ ក្រុមជ្រុលនិយម ទាំងកម្ពុជានិងថៃ កំពុងតែរុញបញ្ហាកោះគុត ឱ្យក្លាយទៅជាជម្លោះប្រដាប់អាវុធ នៅតាមព្រំដែន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានលើកឡើងថា ក្រុមជ្រុលនិយមមួយចំនួន ទាំងភាគីកម្ពុជានិងភាគីថៃ បានកំពុងតែរុញបញ្ហាកោះគុត ឱ្យក្លាយទៅជាជម្លោះប្រដាប់អាវុធ សង្គ្រាម នៅតាមព្រំដែន។
ការលើកឡើងនេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ ប្រធានព្រឹទ្ធសភាជាព្រះរាជតំណាង ព្រះមហាក្សត្រនៃកម្ពុជា អញ្ជើញក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថាខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែមានជនអគតិមួយក្តាប់តូច(ក្រុមក្បត់ជាតិបីជំនាន់)កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ សម្ដេចតេជោបញ្ជាក់បន្ថែមថា កម្ពុជា និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ៕

Post a Comment