ពូទីន ថាសង្រ្គាមអ៊ុយក្រែន កំពុងវិវត្តន៍ទៅជាជម្លោះសកល

 ប្រភព៖ Reuters

មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ​ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកាបាននិយាយថាសង្រ្គាមអ៊ុយក្រែនបាននិងកំពុងវិវត្តន៍ទៅជាជម្លោះសកលមួយ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើរុស្ស៉ី ដោយប្រើអាវុធដែលពួកគេផ្ដល់ឱ្យ។

ក្រោយទទួលបានភ្លើងបៃតងពីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន អ៊ុយក្រែនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានប្រើប្រាស់មីស៊ីលអាមេរិក ATACMS ៦គ្រាប់ ក្នុងការវាយប្រហារលើទឹកដីរុស្ស៉ី ហើយនៅថ្ងៃទី២១ ខែវិច្ឆិកា អ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadow ផ្ដល់ដោយអង់គ្លេស។

បើតាមលោក ពូទីន ការវាយប្រហារ របស់អ៊ុយក្រែន​ដោយប្រើមីស៊ីល ATACMS មិនបានបង្កការខូចខាតធ្ងន់ធ្ងរនោះទេ ប៉ុន្តែមីស៊ីល Storm Shadow ដែលអ៊ុយក្រែនប្រើវាយប្រហារលើតំបន់ Kursk កាលពីថ្ងៃទី២១ ខែកញ្ញា បានធ្លាក់ត្រូវចំទីបញ្ជាការមួយដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួស។

នាឱកាសថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជាតិរុស្ស៉ី លោក ពូទីន បានបញ្ជាក់ដូច្នេះថា «ចាប់ពីពេលនេះតទៅ ដូចដែលយើងបានលើកឡើងម្ដងហើយម្ដងទៀតថា ជម្លោះមួយនៅអ៊ុយក្រែនដែលបង្កឡើងដោយលោកខាងលិច មានសមាសធាតុគ្រប់គ្រាន់ជាជម្លោះសកលមួយ ហើយសហរដ្ឋអាមេរិកគឺជាអ្នករុញច្រានពិភពលោក ឆ្ពោះទៅរកជម្លោះសកល»

លោក ពូទីន បានបន្ថែមទៀតថា រុស្ស៉ីកាលពីថ្ងៃព្រហស្បតិ៍នោះដែរ បានឆ្លើយតបទៅនឹងការប្រើប្រាស់មីស៊ីលអាមេរិក និងអង់គ្លេសដោយអ៊ុយក្រែន ជាមួយការបាញ់ មីស៊ីលបាលិស្ទីគល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមស៊េរីថ្មីមួយវាយប្រហារទីតាំងយោធាមួយកន្លែងរបស់អ៊ុយក្រែន៕



 

Powered by Blogger.