អ៊ីរ៉ង់ ចោទប្រកាន់អាមេរិកថាជាអ្នកនៅពីក្រោយអំពើភេរវកម្ម និងការបែកបាក់ក្នុងពិភពមូស្លីម
តេហេរ៉ង់៖ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោក Hossein Salami បានចោទប្រកាន់សហរដ្ឋអាមេរិកថា ជាអ្នកនៅពីក្រោយអំពើភេរវកម្ម និងការបែកបាក់គ្នាក្នុងពិភពមូស្លីម។
ថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី៤៥ ឆ្នាំ
នៃការកាន់កាប់ស្ថានទូតអាមេរិក កាលពីថ្ងៃអាទិត្យ លោក Salami
បានលើកឡើងថា គោលនយោបាយរបស់អាមេរិក បាននាំឱ្យមានអំពើភេរវកម្ម
និងជម្លោះបង្ហូរឈាមក្នុងចំណោមពិភពមូស្លីម។ លោកបានរិះគន់អាមេរិកថា
មាត់តែងតែអះអាងអំពីសន្តិភាព និងសន្តិសុខសកល តែធាតុពិតបែរជាបង្កឱ្យមានអំពើហិង្សា
និងការកាន់កាប់ទូទាំងពិភពលោក។
ក្នុងពិធីរំលឹកខួបនេះ
ប្រជាជនអ៊ីរ៉ង់បានដើរបាតុកម្ម ដោយស្រែកពាក្យស្លោកប្រឆាំងអាមេរិក និងអ៊ីស្រាអែល
ព្រមទាំងប្តេជ្ញាគាំទ្រមេដឹកនាំកំពូលរបស់អ៊ីរ៉ង់
និងថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលនៅហ្គាហ្សា និងលីបង់ ដែលពួកគេចោទថា
មានការគាំទ្រពីអាមេរិក។
ពួកគេក៏បានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ជម្លោះទាំងនោះផងដែរ។
សូមជម្រាបថា
ពិធីនេះគឺជាការរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត
ក្រោយបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ នៅពេលដែលនិស្សិតអ៊ីរ៉ង់បានកាន់កាប់ស្ថានទូតអាមេរិក
ដោយចោទប្រកាន់ថា ស្ថានទូតនេះជាមូលដ្ឋានចារកម្ម
និងគ្រោងផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់។
អ៊ីរ៉ង់ប្រារព្ធព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ
ដោយមានការធ្វើបាតុកម្មទូទាំងប្រទេស៕

Post a Comment