អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់កងទ័ពទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតរាល់ឧបាយកលពួកអមិត្ត
អត្ថបទ៖ ម៉ាវិន
ខេត្តព្រះវិហារ៖ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹងនាយទាហាន នាយទាហានរង និងពលទាហាន វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង និងបើកវគ្គហ្វឹកហ្វឺនក្បាច់គុន កងយោធពលខេមរភូមិន្ទនៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សម្រាប់ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីបញ្ជាការវរសេនាតូចលេខ១ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតរាល់ឧបាយកលពួកអមិត្ត ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងថាៈ ថ្វីត្បិតប្រទេសយើងមានសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងកម្លាំង ទាំងសមត្ថភាពចំណេះដឹងជំនាញ និងការពង្រឹងកាយសម្បទាឱ្យមានភាពរឹងមាំស្វាហាប់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន គឺពិតជាមានសារៈសំខាន់ និងត្រូវធ្វើឱ្យបានជាប់ជាប្រចាំដូចមានក្នុងទិសស្លោក «កងកម្លាំង គឺត្រូវមានកម្រិតយល់ដឹងខ្ពស់ មានកាយសម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួនជាប់ជានិច្ច» ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ដោះស្រាយគ្រប់សភាពការណ៍ផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែងថាៈការបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន និងវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង យុទ្ធវិធីថ្មើរជើង ថ្នាក់ពួក ក្រុមកងអនាសេនាតូច ដែលមានរយៈពេល៩១ថ្ងៃ(០៣សីហា-០១វិច្ឆិកា២០២៤) បានបិទបញ្ចប់ប្រកបដោយជោគជ័យ និងគួរជាទីមោទនៈ ដោយមានគោលការណ៍ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយប្រសិទ្ធភាព ពីសំ ណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលជានិច្ចជាកាលតែងតែផ្តល់នូវការរំលឹកដាស់តឿនទំនុកបំរុងឧបត្ថម្ភនានា លើការងារហ្វឹកហ្វឺន បំប៉នជំនាញគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺនជាប្រចាំ សំដៅធ្វើឱ្យកងទ័ពមានសមត្ថភាព គុណភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំបញ្ជាសម្រេចបានជោគជ័យ ។
លោកឧត្តមសេនីយ៍ទោបានបន្តថាគ្រានេះ អង្គភាពតំបន់សឹករងខេត្ត បានបើកវគ្គហ្វឹកហ្វឺនដល់នាយទាហាន នាយទាហានរង និងពលទាហាន រយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី២១វិច្ឆិកា២០២៤ ដល់ថ្ងៃទី៤មករា២០២៥ ទើបបិទបញ្ចប់វគ្គ ដោយមានការចូលរួមពីគណៈកម្មការគ្រប់គ្រងវគ្គចំនួន១០នាក់ យោធាចារ្យ១២នាក់ កម្មសិក្សាការី១០០នាក់ ៕






Post a Comment