រដ្ឋបាលខេត្តព្រះសីហនុជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិលេខ៤ និងផ្លូវលេខ៧០០ ក្នុងភូមិសាស្ត្រសង្កាត់លេខ១

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ចរាចរណ៍ផ្លូវគោក តាមបណ្ដោយផ្លូវជាតិលេខ៤ និងផ្លូវលេខ៧០០ ក្នុងភូមិសាស្ត្រសង្កាត់លេខ១ និងសង្កាត់លេខ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់សាធារណជនជាម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនតាមរថយន្តគ្រប់ប្រភេទ ម្ចាស់ក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់បេតុងលាយស្រេច និងម្ចាស់ការដ្ឋានសំណង់ទាំងអស់ជ្រាបថា រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញនូវគោលការណ៍រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈចរាចរណ៍ផ្លូវគោក តាមបណ្ដោយផ្លូវជាតិលេខ៤ និងផ្លូវលេខ៧០០ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ១ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវខាងលើនេះ។

កន្លងមក រដ្ឋបាលខេត្តព្រះសីហនុបានសង្កេតឃើញថា រថយន្តធំៗមួយចំនួនដែលចេញចូលទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឈប់ និងចតលើដងផ្លូវដែលជាហេតុបណ្តាលឱ្យមានការកកស្ទះចរាចរណ៍និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរមួយចំនួនមិនបានគោរពតាមគោលការណ៍ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានកំណត់នៅឡើយ។

ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុនឹងចុះពិនិត្យណែនាំ ផ្សព្វផ្សាយ ដល់បងប្អូនម្ចាស់រថយន្តដឹកជញ្ជូន និងរថយន្តលាយបេតុងទាំងអស់ឱ្យអនុវត្តតាមការណែនាំ និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវ ហើយក្រុមការងារនឹងធ្វើការឃាត់ទុកចំពោះរថយន្តណាដែលនៅបន្តមិនគោរពតាមគោលការណ៍ណែនាំ ដោយពុំទទួលខុសត្រូវ ចំពោះការខាតបង់ពេលវេលា សម្ភារៈ ឬទំនិញផ្សេងៗនៅជាប់នឹងរថយន្តឡើយ និងធ្វើការផាកពិន័យចំពោះយានយន្តណាដែលល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

បន្ទាប់ពីបានផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះរួច ក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃ ក្រុមការងាររដ្ឋបាលខេត្តនឹងចុះអនុវត្តច្បាប់ ដោយផាកពិន័យតាមនីតិវិធី។ អាស្រ័យហេតុនេះ សូមសាធារណជនជាម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនតាមរថយន្តគ្រប់ប្រភេទម្ចាស់ក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់បេតុងលាយស្រេច និងម្ចាស់ការដ្ឋានសំណង់ទាំងអស់ជ្រាប និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕






Powered by Blogger.