រដ្ឋមន្រ្តី ហេង សួរ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី លើការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត

អត្ថបទ៖ ក្រសួងការងារ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដឹកនាំដោយលោកស្រីបណ្ឌិត សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជិវៈ (TVET) ជាពិសសលើការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត នៅកម្ពុជា។
ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យក្នុងការទាក់ទាញការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា ដូចនេះការបង្កើនមូលធនមនុស្សប្រកបដោយជំនាញបច្ចេកទេស គឺជាគោលនយោបាយដ៏សំខាន់។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី សម្រាប់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត ជាពិសេសរថយន្តអគ្គិសនី។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈកម្មវិធីក្រោមកិច្ចសហប្រតិបត្តិការនេះនឹងអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា ប្រកបដោយជំនាញបច្ចេកទេសស្របតាមស្តង់ដាអន្តរជាតិ ដែលមិនត្រឹមតែអាចបំពេញតម្រូវការអ្នកបច្ចេកទេសយានយន្តសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែក៏អាចស្របតាមទីផ្សារការងារផ្នែកបច្ចេកទេសយានយន្តនៅក្រៅប្រទេសផងដែរ។
ជាការឆ្លើយតប លោកស្រីបណ្ឌិត សលលី ឃូថែន (Sally Curtain) បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត ដល់ប្រជាជនកម្ពុជា។ លោកស្រី ជឿជាក់ថា តាមរយៈបទពិសោធន៍ក្នុងការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី នឹងអាចសហការបានយ៉ាងល្អជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពកាន់តែប្រសើរក្នុងការបណ្តុះបណ្តាលបច្ចេកទេសយានយន្តនៅកម្ពុជា៕



Powered by Blogger.