កម្ពុជា និងអង្គការសុខភាព ពិភពលោក ចុះហត្ថលេខា លើឯកសារស្តីពី យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រយៈពេល៥ឆ្នាំ

 ប្រភព៖ ក្រសួងសុខាភិបាល

ភ្នំពេញ ៖ នាឱកាសនៃដំណើរចូលរួម កិច្ចប្រជុំប្រជុំលើកទី ៧៥ របស់អង្គការសុខភាព ពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងរដ្ឋធានីម៉ានីល នាថ្ងៃ២១ តុលា ឯកឧត្តមសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះហត្ថលេខាលើ យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨ ជាមួយលោកវេជ្ជបណ្ឌិត សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការ សុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ។

យុទ្ធសាស្រ្តនេះកំណត់អំពីចក្ខុវិស័យរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល​ ៥ឆ្នាំខាងមុខ រួមចំណែកចំពោះការសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព» កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះការសម្រេចបាន គោលដៅនៅក្នុងផែនទីបង្ហាញផ្លូវ​ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាព ជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តនេះ នឹងជាមគ្គុទ្ទេសក៍សម្រាប់កិច្ចសហការ និងសហប្រតិបត្តិការរយៈពេល ៥ឆ្នាំខាងមុខ សំដៅលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា ដែលកំពុងបន្តមានវឌ្ឍនភាព ដោយផ្ដោតលើ ការផ្ដល់ផលជះជាក់ស្ដែង នៅក្រោមអាទិភាពយុទ្ធសាស្រ្ត ចំនួនបី៖១.ពន្លឿនការគ្របដណ្ដប់សុខភាព ជាសកល តាមរយៈសមាហរណកម្មសេវានិងប្រព័ន្ធ ប្រកបដោយ គុណភាព ដោយតម្រង់ទិសឡើងវិញ ទៅលើការថែទាំសុខភាពបឋម។ ២.លើកកម្ពស់សុខភាពបុគ្គល គ្រួសារ និងសហគមន៍ តាមរយៈ សកម្មភាពនៅក្នុង និងលើសពីវិស័យសុខាភិបាល និងទី៣.ពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីបង្កើនការត្រៀមលក្ខណៈជាមុនការឆ្លើយតប និងភាពធន់នឹង គ្រោះអាសន្នសុខភាពសាធារណៈ ដែលមានគ្រោះថ្នាក់ច្រើន៕










 

Powered by Blogger.