ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន ជាគុណបំណាច់ដែលយុវជនជំនាន់ក្រោយមិនត្រូវបំភ្លេច
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជនទាំងអស់ក្នុងសម័យសង្គ្រាម ដើម្បីរំដោះប្រជាជន និងប្រទេសកម្ពុជាចេញពីសង្គ្រាម ជាគុណបំណាច់ដ៏ធំធេងបំផុតចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ហើយជាគុណបំណាច់ដែលយុវជនជំនាន់ក្រោយមិនត្រូវបំភ្លេច។
ក្នុងកម្មវិធីបិទការត្រួតពិនិត្យស្រាវជ្រាវវាយតម្លៃជិនពិការ
ដែលជាអតីតកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា (ជាកងទ័ពពីសម័យរដ្ឋកម្ពុជា)
ដែលធ្វើឡើងនៅតំបន់ប្រតិបត្តិការសិករងកំពត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តមអភិបាលបានបញ្ជាក់ថា អតីតយុទ្ធជន ជាវីរៈបុរសដែលបានខិតខំលះបង់សាច់ស្រស់
ឈាមស្រស់
ដើម្បីបុព្វហេតុការពារទឹកដីមាតុភូមិកម្ពុជាឱ្យរួចផុតពីភ្លក់ភ្លើងសង្គ្រាម។
សន្តិភាពដែលយកបានមកដោយលំបាក ដោយការលះបង់របស់សម្តេចតេជោ ហ៊ុន សែន គឺដោយសារមានការចូលរួមលះបង់ពីអតីតយុទ្ធជន
ហើយក្រោយបញ្ចប់សង្គ្រាមអតីតយុទ្ធជនខ្លះត្រូវបានពលីជីវិត ខ្លះទៀតមានពិការភាព
ហើយនេះគឺជាគុណបំណាច់ដ៏ធំធេងដែលយុវជនជំនាន់ក្រោយមិនត្រូវបំភ្លេច។
ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា
កម្ពុជាទម្រាំទទួលបាននូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ
គឺមានអតីតយុទ្ធជនជាច្រើនបានចូលជាមួយសម្តេចតេជោ ហ៊ុន សែន
ហើយយុទ្ធជនខ្លះក៏ត្រូវបានពលីជីវិត
យុទ្ធជនខ្លះបានលះបង់នូវកាយសប្បទាធ្វើឱ្យមានពិការភាពមកដល់បច្ចុប្បន្ន។
ក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្លក់ភ្លើងសង្គ្រាមរួចមក សម្តេចតេជោ ហ៊ុន
សែន ដែលជាស្ថាបនិកសន្តិភាពតែងតែគិតគូរជានិច្ចចំពោះអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី
ដោយបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីជួយសម្រួលជីវភាពរស់នៅ
ក៏ដូចជាការតបគុណចំពោះការលះបង់ដ៏ធំធេងសម្រាប់ជាតិមាតុភូមិកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន
សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ជានាយរដ្ឋមន្ត្រីបច្ចុប្បន្ន
សម្តេចនៅតែបន្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន
ដោយមិនទុកចោលនោះឡើយ។ ជាក់ស្តែង
ការត្រួតពិនិត្យស្រាវជ្រាវវាយតម្លៃជិនពិការដែលជាអតីតកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា
(ជាកងទ័ពពីសម័យរដ្ឋកម្ពុជា) ក្នុងខេត្តកំពតនាពេលនេះ
បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំប្រទេស
ចំពោះអតីតយុទ្ធជនដែលមានពិការភាពក្នុងបុព្វហេតុការពារទឹកដី និងជាតិមាតុភូម
ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់។
ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង
អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានឱ្យដឹងថា សម្រាប់ការងារត្រួតពិនិត្យស្រាវជ្រាវវាយតម្លៃជនពិការដែលជាអតីតកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា
(ជាកងទ័ពពីសម័យរដ្ឋកម្ពុជា) ត្រូវបានធ្វើឡើងនៅក្នុងខេត្តកំពតនាពេលនេះ
ជាលទ្ធផលមានមុខសញ្ញាអតីតយុទ្ធជនពិការដែលជាអតីតកងទ័ពប្រជាជនបដិវត្តន៍កម្ពុជាមានចំនួន
១២០នាក់ ដោយមានវត្តមានក្នុងមកត្រួតពិនិត្យចំនួន ៦៨នាក់
មុខសញ្ញាជនពិការទទួលយកបានមានចំនួន ៤៩នាក់ មុខសញ្ញាជនពិការរបួសស្រាល
និងមិនប្រក្រតីមានចំនួន ១៩នាក់ និងអវត្តមានចំនួន ៥២នាក់៕
Post a Comment