ឯកឧត្តម គួច ចំរើន កោតសរសើរ និងថ្លែងអំណរគុណអ្នកស្ម័គ្រចិត្ត ដែលបានជួយសម្អាតអនាម័យបរិស្ថាន ក្នុងពិធីប្រណាំងទូក
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ដែលបានជួយសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក ខេត្តកណ្ដាល ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ បានយ៉ាងល្អប្រសើរ ដោយមិនមានសំរាមពាសវាលពាសកាលឡើយ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ការកោតសរសើរ និងថ្លែងអំណរគុណបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្ត យុវជន ស.ស.យ.ក អង្គការសម្អាតទន្លេ សមុទ្រ រដ្ឋបាលក្រុង-សង្កាត់ និងបុគ្គលិកសម្អាតអនាម័យ ក្នុងការសម្អាតអនាម័យបរិស្ថាន ក្នុងពិធីប្រណាំងទូកខេត្តកណ្ដាល ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល អស់រយៈពេល ២ថ្ងៃ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅសួរច្រើនមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។
ឯកឧត្តមបន្តថា ក្នុងរយៈពេលពីរថ្ងៃ នៃព្រឹត្តិការណ៍ពិធីប្រណាំងទូកនៅក្រុងតាខ្មៅ អ្នកស្ម័គ្រចិត្តក្នុងការសម្អាតអនាម័យបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យពិធីប្រណាំងទូកនៅក្រុងតាខ្មៅ មានសោភ័ណភាពស្អាត លើកកម្ពស់អនាម័យបរិស្ថាន មិនមានសំរាមពាសវាលពាសកាល ដែលនេះសបញ្ជាក់ឱ្យឃើញថា ការយកចិត្តទុកដាក់របស់បងប្អូនអ្នកស្ម័គ្រចិត្ត ក្នុងការសម្អាតនូវអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ ពិសេសទាំងមុនពិធី និងក្រោយពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ កន្លែងស្នាក់នៅរបស់កីឡាករទូក និងកន្លែងផ្សេងៗទៀតមិនមានសំរាមពាសវាលពាសកាលឡើយ។
ឯកឧត្តម បន្ថែមថា ក្រៅពីការយកចិត្តទុកដាក់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត របស់អ្នកស្ម័គ្រចិត្តយើង និងបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូក បានយកចិត្តទុកដាក់វេចភ្ជាប់ និងទុកដាក់សំរាម ប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន ដែលធ្វើឱ្យពិធីប្រណាំងទូកខេត្តកណ្ដាល មានសោភ័ណភាពស្អាត និងបង្កភាពសប្បាយរីករាយ។







Post a Comment