មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរីបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី៖ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានជំរុញ ឱ្យ គណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តរតនគិរីគ្រប់ថ្នាក់បន្តពង្រឹង ការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែ មានប្រសិទ្ធភាព និងស្របតាមចក្ខុវិស័យ របស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង រាល់សកម្មភាព ដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ។ 

ការជំរុញនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរីដែលបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នាសាលប្រជុំអគារDសាលាខេត្តរតនគិរី។

ឯកឧត្តម ប៉ាវ ហមផាន បន្តថា កិច្ចប្រជុំដូចគ្នានេះត្រូវរៀបចំធ្វើឡើងទូទាំងប្រទេស ដោយក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងគោលបំណងត្រួតពិនិត្យវាយតម្លៃ នូវការ អនុវត្តគោលនយោបាយនេះ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពស្របតាមឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់ សុខសុវត្ថិភាព សុខុមាលភាព សេវាសាធារណៈ និងការទប់ស្កាត់នូវគ្រោះមហន្តរាយផ្សេងៗ។ ហើយគោលនយោបាយនេះបានពង្រីកវិសាលភាពជាបន្តបន្ទាប់ពីការទទួលខុសត្រូវអនុវត្តតែក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទៅជាគោលនយោបាយមួយដែលមានការទទួលខុសត្រូវ និងការចូលរួមអនុវត្តពីក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល។ 

ឯកឧត្តមបញ្ជាក់ ថាការពង្រីក វិសាលភាព និងលើកកម្រិតគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខាងនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេលពីមធ្យមទៅរយៈពេលវែង។ ពជាពិសេសគោលនយោបាយនេះក៏ជាផែនទីបង្ហាញផ្លូវក្នុងការបំផុសចលនាឱ្យមានការចូលរួម ក្នុងការប្រយុទ្ធប្រឆាំងដាច់ខាតនូវរាល់សកម្មភាពដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ ជាពិសេសការជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សអំពើលួចឆក់ប្លន់ ព្រមទាំងបទល្មើសផ្សេងៗទៀតនៅក្នុងសង្គម។

បន្ថែមពីនេះឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលកន្លងមករបស់រដ្ឋបាលខេត្តរតនគិរី និងបានជំរុញឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តរតនគិរី គ្រប់ថ្នាក់ ត្រូវបន្ត និងពង្រឹង ការផ្សព្វផ្សាយគោលនយោបាយនេះដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាល ឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួម ក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរីបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងការថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការទប់ស្កាត់ នូវបទល្មើសនានាការផ្តល់សេវាសាធារណៈការដោះស្រាយវិវាទ និងអំពាវនាវបន្តខិតខំរួមគ្នាជម្រុញ ការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត៕










Powered by Blogger.