ណាតូ នឹងចាប់ផ្តើមការធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំ នៅដើមសប្តាហ៍ក្រោយ

 ប្រភព៖ Reuters

ឡុងដ៍៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយថា បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ នឹងចាប់ផ្តើមការធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ចំពោះមុខការបង្កើនវោហារសាស្រ្តនុយក្លេអ៊ែរ ពីសំណាក់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។

ថ្លែងនៅទីក្រុងឡុងដ៍ ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Kier Starmer និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លោក Rutte បាននិយាយដូច្នេះថា «នៅក្នុងពិភពលោកមួយ ដែលកំពុងតែមានភាពមិនច្បាស់លាស់ វាជារឿងសំខាន់ខ្លាំងណាស់ ក្នុងការធ្វើតេស្តក៏ដូចជាពង្រឹងសមត្ថភាពការពារខ្លួនរបស់យើង ដើម្បីឱ្យសត្រូវយើង មើលឃើញច្បាស់ថា NATO ត្រៀមលក្ខណៈរួចរាល់ជានិច្ច និងមានសមត្ថភាពឆ្លើយតប ចំពោះការគំរាមកំហែងនានា»

យោងតាមក្រុមមន្រ្តី NATO ដែលមានសមាជិក៣២ប្រទេស យន្តហោះចម្បាំង F-35A និងយន្តហោះទម្លាក់គ្រាប់បែក B-52 នឹងស្ថិតក្នុងចំណោម យន្តហោះ​សរុបប្រមាណ៦០គ្រឿង មកពី១៣ប្រទេស ដែលត្រូវចូលរួមក្នុងសមយុទ្ធយោធា ហៅថា Steadfast Noon ដែលរៀបចំឡើងដោយ​បែលហ្ស៉ិក និងហូឡង់។ សមយុទ្ធនុយក្លេអ៊ែរនេះ នឹងមិនមានការប្រើប្រាស់ អាវុធនុយក្លេអ៊ែរពិតៗឡើយ ហើយនឹងប្រព្រឹត្តទៅរយៈពេលប្រហែល ២សប្តាហ៍។

ពាក់ព័ន្ធសមយុទ្ធនុយក្លេអ៊ែរខាងលើ ក្រុមមន្រ្តី NATO បានអះអាងថា វាមិនមែនជាការឆ្លើយតបចំពោះ ការប្រកាសណាមួយនាពេលថ្មីៗនេះ ដោយទីក្រុងមូស្គូឡើយ ដ្បិតសមយុទ្ធនេះ បានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ អស់រយៈពេល​ជាង ១ទសវត្សរ៍មកហើយ៕



 

Powered by Blogger.