បទវិភាគ៖ បរិយាកាសឧស្សាហកម្មនិងគោលនយោបាយដ៏ល្អប្រសើរបានជំរុញឱ្យអាស៊ានក្លាយជាទីផ្សារមួយដែលមានកំណើនលឿនបំផុត
បរទេស៖ បរិយាកាសឧស្សាហកម្មនិងគោលនយោបាយដ៏ល្អប្រសើរបានជំរុញឱ្យអាស៊ានក្លាយជាទីផ្សារមួយដែលមានកំណើនលឿនបំផុតនៃឧស្សាហកម្មរថយន្តថាមពលថ្មីនៅទូទាំងពិភពលោក ហើយក៏បានក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញរថយន្តថាមពលថ្មីរបស់ចិននិងការវិនិយោគនៅបរទេសផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសរថយន្តអគ្គិសនីរបស់ចិនដែលរួមមាន Geely BYD Changan ជាដើមបាននាំគ្នាពន្លឿនការបង្កើតរចនាសម័្ពន្ធខាងវិនិយោគនៅក្នុងប្រទេសអាស៊ាន ។
សូមយកប្រទេសកម្ពុជាជាឧទាហរណ៍ ឧស្សាហកម្មរថយន្តអគ្គិសនីរបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍បឋមដែលមានអនាគតយ៉ាងទូលំទូលាយ ។ តាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានបង្ហាញឱ្យឃើញថា គិតមកទល់ខែមិថុនា ឆ្នាំ ២០២៤ បរិមាណសរុបនៃរថយន្តអគ្គិសនីដែលបានចុះបញ្ជីក្នុងប្រទេសខ្លួនមានចំនួន ១៦១៤ គ្រឿងដែលម៉ាកយីហោសំខាន់ៗរួមមាន BYD Tesla HongQi Wuling ជាដើម តាមការប៉ាន់ប្រមាណ រថយន្តអគ្គិសនីដែលបើកបរតាមផ្លូវថ្នល់នឹងមានចំនួន ៤០ ភាគរយនៅឆ្នាំ ២០៥០ ។ កាលពីខែកក្កដា ឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមដោយបង្ហើបឱ្យដឹងថា ក្រុមហ៊ុន BYD គ្រោងនឹងធ្វើវិនិយោគសាងសង់រោងចក្រនៅកម្ពុជា ។ មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបាននិងកំពុងពន្លឿនការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីដោយរំពឹងទុកថា ម៉ាករថយន្តដើរដោយថាមពលថ្មីរបស់ចិនកាន់តែច្រើនឡើងៗនឹងចូលក្នុងទីផ្សារកម្ពុជាដើម្បីនាំយកនូវបទពិសោធថ្មីក្នុងការធ្វើដំណើរបៃតងជូនដល់ប្រជាជនកម្ពុជា ។
តាមទិន្នន័យស្ថិតិនៃសហព័ន្ធឧស្សាហកម្មថៃ(FTI)បង្ហាញឱ្យឃើញថា នៅឆមាសទី ១ ឆ្នាំនេះ ចំនួនស្លាកលេខនៃរថយន្តអគ្គិសនីសុទ្ធនៅប្រទេសថៃបានកើនឡើង ១០,៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ដែលមានចំនួនដល់ទៅ ៣១៦៤៨ គ្រឿងក្នុងនោះ មាន ៨៥ ភាគរយ គឺជាម៉ាករថយន្តអគ្គិសនីរបស់ចិន ។
ប្រធានសមាគមន៍រថយន្តអគ្គិសនីសិង្ហបុរីរំពឹងថា អាចទទួលបានបទពិសោធពាក់ព័ន្ធពីការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន ហើយនឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសសិង្ហបុរីនិងក្រុមហ៊ុនផលិតឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិន ដូចជាទូរសាកថ្មនិងអាគុយជាដើម ។
នាពេលបច្ចុប្បន្ននេះ អាស៊ានបានក្លាយជាគោលដៅពេញនិយមបំផុតមួយសម្រាប់ការនាំចេញរថយន្តដើរដោយថាមពលថ្មីរបស់ប្រទេសចិន ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺ ម៉ាករថយន្តរបស់ចិនក៏កំពុងជំរុញយ៉ាងខ្លាំងនូវការធ្វើផលិតកម្មនៅក្នុងប្រទេសអាស៊ានផងដែរ ។ លោក Xu Haidong អគ្គវិស្វកររងនៃសមាគមន៍ឧស្សាហកម្មរថយន្តចិនបានលើកឡើងថា "ស្របពេលដែលបរិមាណនាំចេញរថយន្តរបស់ប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ ការវិនិយោគដោយផ្ទាល់នៅបរទេសក៏នឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដែរ ។ សហគ្រាសផលិតរថយន្តរបស់ចិនកាន់តែច្រើនឡើងៗកំពុងចូលក្នុងទីផ្សារអាស៊ានយ៉ាងសកម្មដើម្បីវិនិយោគលើការសាងសង់រោងចក្រ" ។
គួររំលឹកផងដែរថា «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(ហៅកាត់ថា RCEP )បានចូលជាធរមានដោយគ្រប់ជ្រុងជ្រោយនៅប្រទេសជារដ្ឋសមាជិកអាស៊ានចំនួន ១៥ កាលពីខែមិថុនា ឆ្នាំនេះដែលនឹងផ្តល់ឱកាសថ្មីនិងបំផុសកម្លាំងចលករថ្មីនៃការអភិវឌ្ឍសម្រាប់ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ាន ។ នៅពេលដែលប្រទេសចិននិងអាស៊ានប្រមូលផ្តុំនូវគំនិតឯកភាពរួមនិងពួតដៃគ្នាដើម្បីជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអាស៊ាន ផ្លូវដែលរថយន្តថាមពលថ្មីរបស់ចិនចូលក្នុងទីផ្សារអាស៊ាននឹងមានភាពកាន់តែរាបស្មើ ហើយឧស្សាហកម្មរថយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ានក៏នឹងទទួលបានការអភិវឌ្ឍកាន់តែល្អប្រសើរនិងកាន់តែលឿនផងដែរ៕



Post a Comment