អ៊ីស្រាអែល​-ហេសបូឡា បង្កើនការបាញ់ផ្លោងដាក់គ្នា ខណៈអាមេរិកជំរុញឱ្យបិទបញ្ចប់សង្រ្គាម

 ប្រភព៖ Reuters

ហ៊្សេរុយសាឡិម៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានវាយលុកតំបន់ជាយក្រុង ភាគខាងត្បូងនៃរដ្ឋធានីបេរូត កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈក្រុមហេសបូឡា អះអាងថា បានបាញ់មីស៊ីលកំណត់គោលជាក់លាក់ ទៅកាន់អ៊ីស្រាអែល ចំពេលដែល លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា និងជំរុញឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ទាំងនៅហ្កាហ្សា និងនៅលីបង់។

ការវាយប្រហារនៅឯជាយក្រុងបេរូត បណ្តាលឱ្យមានការឆាបឆេះ ភ្លាមៗបន្ទាប់ពីអ្នកនាំពាក្យយោធាអ៊ីស្រាអែល ព្រមានឱ្យជម្លៀសចេញពីសង្កាត់ នៅទីនោះ។ រីឯការវាយប្រហារមួយទៀត បានកើតឡើងលើការិយាល័យគ្មានមនុស្សមួយកន្លែង ក្បែរស្ថានីយ៍ទូរទស្សន៍ Al-Mayadeen គាំទ្រដោយអ៊ីរ៉ង់។ តាមក្រសួង​សុខាភិបាល​លីបង់​ មនុស្ស​ម្នាក់​បានស្លាប់ ​និង ៥នាក់​របួស។

ក្រុមហេសបូឡា បានឱ្យដឹងថា ពួកគេបានបង្កើនការវាយប្រហារលើអ៊ីស្រាអែល ដោយប្រើមីស៊ីលកំណត់គោលដៅជាក់លាក់ ជាលើកដំបូង និងបានបាញ់យន្តហោះដ្រូនប្រភេទថ្មីផងដែរ។ ក្រោយ​មក ហេសបូឡា​និយាយ​ថា ​ខ្លួន​បាន​កំណត់​គោលដៅ​ រោងចក្រ​យោធា​អ៉ីស្រាអែល ​នៅជាយ​ក្រុង​ Tel Aviv

លោក Blinken ដែលធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាជាថ្មីទៀត ក្រោយអ៊ីស្រាអែល សម្លាប់មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar រំពឹងថា អាចជំរុញឱ្យអ៊ីស្រាអែល ប្រើឱកាសនេះ ដើម្បីបិទបញ្ចប់សង្រ្គាម។ ប៉ុន្តែជម្លោះ ហាក់ដូចជាកាន់តែរាលដាល ជាមួយនិងការវាយប្រហារថ្មីលើទីក្រុង Tyre ដែលជាទីក្រុងកំពង់ផែ ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ ស្ថិតនៅភាគខាងត្បូងលីបង់ និងបានកើតឡើងផងដែរ បន្ទាប់ពីមានការបញ្ជាឱ្យជម្លៀសចេញ ពីសំណាក់អ៉ីស្រាអែល៕



 

Powered by Blogger.