អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា៖ ធនធានមនុស្សគឺសំដៅទៅលើមនុស្សមានប្រជាជីវៈ និងភាពឆ្លាតវៃ!

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ថ្លៃក្នុងពិធីបិទវគ្គកម្រិតបឋមប្រជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានលើកឡើងថា៖ធនធានមនុស្សគឺសំដៅទៅលើមនុស្សមានប្រជាជីវៈ និងភាពឆ្លាតវៃ ។

ឯកឧត្តមឧត្តមសេនីយ៍ឯកបន្តថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្ដល់អទិភាពខ្ពស់ដល់ការងារអប់រំបណ្ដុះបណ្ដាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាតិជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនិងតម្រូវការនៃអង្គភាពនគរបាល ។

ឯកឧត្តមបានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់របស់សាលានគរបាលជាតិភូមិភាគ១ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្ដុះបណ្ដាលក្នុងយុគសម័យនៃសន្តិភាព និងប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការនៃការបណ្ដុះបណ្ដាលប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ងកម្លាំងនគរបាលជាតិ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿន របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី ។

សូមបញ្ជាក់ថា៖សិស្សនគរបាលជ័យលាភីទាំងអស់សរុបចំនួន១៧៥នាក់ ស្ត្រី៥៥នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ស្នងការនគរបាលខេត្តក្រចេះ ខេត្តរតនគីរី ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ៕












Powered by Blogger.