ហ្សេលេនស្គី អះអាងថាកូរ៉េខាងជើងកំពុងបង្វឹកកងទ័ព ១០ ០០០នាក់ ដើម្បីបញ្ជូនទៅជួយរុស្ស៉ី

 ប្រភព៖ AFP

ព្រុចសែល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថាលោកទទួលបានព័ត៌មានសម្ងាត់ ដែលបានរាយការណ៍ថាកូរ៉េខាងជើងកំពុងបង្វឹកកងទ័ព ១០ ០០០នាក់ ដើម្បីបញ្ជូនទៅជួយកងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។

ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងក្រោយចូលរួមកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់ NATO ក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា តែមិនបានបញ្ជាក់ឱ្យច្បាស់ថាតើកងទ័ពកូរ៉េខាងជើងទាំងនោះ កំពុងត្រូវបានបង្វឹកនៅទីណានោះទេ។ 

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា ពួកគេកំពុងត្រៀមបញ្ជូនកងទ័ព ១០ ០០០នាក់ ប៉ុន្តែពួកគេ មិនទាន់បញ្ជូនកងទ័ពទាំងនោះទៅរុស្ស៉ី ឬអ៊ុយក្រែននៅឡើយទេ។ នេះលោកបន្ថែមថាកងទ័ព និងមន្ត្រីមួយចំនួនមកពី កូរ៉េខាងជើងកំពុងស្ថិតនៅក្នុងទឹកដីអ៊ុយក្រែន ដែលរុស្ស៉ីកំពុងកាន់កាប់រួចទៅហើយ។

កាលពីពេលថ្មីៗ កូរ៉េខាងត្បូងបានអះអាងថាកងទ័ពកូរ៉េខាងជើងមួយចំនួនកំពុងជួយរុស្ស៉ី នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ហើយលោក ហ្សេលេនស្គី ក៏ធ្លាប់ បានបញ្ជាក់ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅក្នុងសង្រ្គាមអ៊ុយក្រែនផងដែរ។ ប៉ុន្តែខាងរុស្ស៉ីបានច្រានចោលការអះអាងបែបនេះ៕



 

Powered by Blogger.