ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
អត្ថបទ៖ ក្រសួងយុត្តិធម៌
ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានវាយតម្លៃខ្ពស់
និងកោតសរសើរចំពោះសមិទ្ធផលការងារជាច្រើន ដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ក្រោមការដឹកនាំរបស់ លោក លី ច័ន្ទតុលា សម្រេចបានក្នុងរយៈពេល ២ អាណត្តិ
គឺអាណត្តិទី១៣ និងអាណត្តិទី១៤ កន្លងទៅនេះ
ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារបម្រើឱ្យវិស័យយុតិ្តធម៌
ជាពិសេសការលើកកម្ពស់សមត្ថភាព និងតម្លៃវិជ្ជាជីវៈមេធាវី និងស្ថាប័នគណៈមេធាវី។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ក៏បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោកមេធាវី សាំង វណ្ណៈ
ដែលត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
សម្រាប់អាណត្តិទី១៥ និងអបអរសាទរចំពោះមេធាវីជ័យលាភីទាំង ៣៣ រូប
ដែលត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី
សម្រាប់អាណត្តិទី១១។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងនូវការសង្ឃឹម និងជឿជាក់ថា ប្រធានគណៈមេធាវី
អាណត្តិទី១៥ និងក្រុមប្រឹក្សាអាណត្តិទី១១ ដែលទើបនឹងជាប់ឆ្នោតនេះ
នឹងខិតខំអនុវត្តតួនាទីដ៏មានសារៈសំខាន់របស់ខ្លួនឱ្យអស់ពីកម្លាំងកាយចិត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត
ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ឧត្តមភាព កិត្យានុភាព និងវិបុលភាពនៃវិជ្ជាជីវៈមេធាវី
ក៏ដូចជាចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យយុតិ្តធម៌ និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា
ស្របតាមទិសដៅកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឆ្នើម។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
បានគូសរំលេច និងបញ្ជាក់ថា ក្នុងរយៈពេល ១ ឆ្នាំ នៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល
នីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងយុត្តិធម៌បានខិតខំអនុវត្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្ម
ជាពិសេសលើការងារពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
ក៏ដូចជាការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌
ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ជាអាទិ៍៖
(១)-
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក. ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២
ខែវិច្ឆិកា ឆ្នាំ២០២៣
ដើម្បីជាយន្តការបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទដែលមានស្រាប់នៅកម្ពុជា
សំដៅលើកកម្ពស់គុណភាព, ប្រសិទ្ធភាព
និងនិរន្តរភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន,
សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម
និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។
គិតរហូតមកទល់ពេលនេះ, អ.ដ.ក.
បាននិងកំពុងខិតខំអនុវត្តការងាររបស់ខ្លួនយ៉ាងសកម្ម និងបាននិងកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
(២)-ក្រសួងយុត្តិធម៌
បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា កាលពីថ្ងៃទី៩ ខែមករា
ឆ្នាំ២០២៤ គឺ៖ “យុទ្ធនាការជំរុញ
និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ” និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌
និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី
ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ”។
យុទ្ធនាការទាំង ២ នេះ បានក្លាយជា “ច្រកផ្លូវការ” មួយសម្រាប់ប្រជាពលរដ្ឋ
អាចដាក់ពាក្យបណ្តឹងមកក្រសួងយុត្តិធម៌ ដើម្បីឱ្យយន្តការទទួលបន្ទុកជួយជំរុញ
និងជួយត្រួតពិនិត្យនិងដោះស្រាយរកយុត្តិធម៌
ក្នុងករណីដែលខ្លួនយល់ថាចំណាត់ការរបស់តុលាការចំពោះសំណុំរឿងរបស់ខ្លួនមានភាពយឺតយ៉ាវ
និងសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម
ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលាការ។ ផ្អែកតាមលទ្ធផលរយៈពេល ៩ ខែ
នៃការអនុវត្តយុទ្ធនាការទាំង ២ នេះ ទាំងស្ថាប័នតុលាការ
ទាំងយន្តការនៃការអនុវត្តយុទ្ធនាការបានខិតខំអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្មដោយសម្រេចបានជាអតិបរមានូវការដោះស្រាយពាក្យបណ្ដឹង
និងពាក្យសុំអន្តរាគមន៍ដោយផ្អែកតាមច្បាប់ និងនីតិវិធីជាធរមាន។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ក៏បានផ្តាំផ្ញើដល់លោក លោកស្រី ជាមេធាវីទាំងអស់នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖
(១)-
មេធាវីគ្រប់រូបត្រូវគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់
និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព
និងភាពស្មោះត្រង់ ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីការពារ
និងលើកកម្ពស់កិតិ្តយស សេចក្តីថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈមេធាវី។
(២)-
មេធាវីគ្រប់រូបគប្បីបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងបង្កើនសមត្ថភាពជាប្រចាំ
ទាំងលើសមត្ថភាពបច្ចេកទេស ភាសា និងបច្ចេកវិទ្យា ដើម្បីភាពរឹងមាំនៃសមត្ថភាពខ្លួនឯងផង
និងដើម្បីលើកកម្ពស់វិជ្ជាជីវៈមេធាវីផង។
(៣)- សូមមេធាវីគ្រប់រូបបន្តចូលរួម
និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់
និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ
ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់
ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះលទ្ធភាពផងដែរ។
(៤)- សូមមេធាវីគ្រប់រូបបន្តចូលរួម
និងផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀតក្នុងការអនុវត្តនូវ “យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ” និង “យុទ្ធនាការត្រួតពិនិត្យ
និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ
និងម៉ឺងម៉ាត់ជាទីបំផុត ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ សំដៅរួមចំណែកលើកកម្ពស់ “យុត្តិធម៌នៅក្នុងសង្គម” និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌របស់កម្ពុជា៕







Post a Comment