មនុស្ស ២៨ នាក់ស្លាប់ ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលលើជម្រកមួយនៅភាគខាងជើងហ្គាហ្សាស្ទ្រីប
ប្រភព៖ Reuters
ហ្គាហ្សា៖ មន្ត្រីក្រសួងសុខាភិបាលហ្គាហ្សា លោក Medhat Abbas បាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន២៨នាក់រួមទាំងកុមារត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ខណៈមនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើជម្រកមួយនៅភាគខាងជើងហ្គាហ្សាស្ទ្រីប។
កងទ័ពអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយអះអាងថា
ការវាយប្រហារនោះផ្តោតលើក្រុមសកម្មប្រយុទ្ធមកពីក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម
ដែលកំពុងប្រតិបត្តិការពីខាងក្នុងសាលារៀន Abu Hussein ក្នុងទីក្រុង Jabalia ដែលជាជម្រកសម្រាប់ជនភៀសខ្លួន។
របាយការណ៍បានបន្ថែមថា មានជនសកម្មប្រយុទ្ធរាប់សិបនាក់នៅក្នុងបរិវេណសាលារៀននោះ
នៅពេលការវាយប្រហារបានកើតឡើង ដោយបានផ្តល់ឈ្មោះយ៉ាងហោចណាស់ ១២
នាក់ក្នុងចំណោមពួកគេ ប៉ុន្តែ Reuters មិនអាចផ្ទៀងផ្ទាត់ភ្លាមៗបានទេ។
ទន្ទឹមគ្នានេះ
កងទ័ពអ៊ីស្រាអែលអះអាងថា ខ្លួនបានចាត់វិធានការចាំបាច់
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល
និងចោទប្រកាន់ក្រុមហាម៉ាសថាប្រើប្រាស់ពួកគេជាខែលការពារខ្លួន។
ក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់នេះ។
ក្រុមហាម៉ាសបានចេញសេចក្តីថ្លែងការណ៍មួយបដិសេធការចោទប្រកាន់អំពីវត្តមានរបស់ពួកយុទ្ធជននៅក្នុងសាលា
ដោយហៅវាថាជា «ការកុហក» និង «គោលនយោបាយជាប្រព័ន្ធរបស់សត្រូវដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃឧក្រិដ្ឋកម្មរបស់ខ្លួន»។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សាបានរាយការណ៍ថា
មនុស្ស ២៨ នាក់បានស្លាប់ និង ១៦០ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ៕

Post a Comment