សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការផ្សព្វផ្សាយក្បាច់គុនខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានជំរុញការផ្សព្វផ្សាយក្បាច់គុនខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីឱ្យក្បាច់គុនខ្មែរល្បីល្បាញនិងកូនខ្មែរបានស្គាល់ឡើងវិញនូវក្បាច់គុនមួយចំនួនដែលមាននៅសេសសល់តែនៅតាមសហគមន៍។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ "ពានរង្វាន់សម្ដេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” នាព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្បាច់គុនខ្មែរយើងក៏មានការនិយមចូលចិត្តពីជនជាតិអាម៉េរិកដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«លោកគ្រូរី គាត់បើកក្លឹបនៅអាម៉េរិក អាម៉េរិកកាំងហាត់ក្បាច់គុន ល្បុកត្តោយើងនៅក្រៅប្រទេសសូមជំរុញហ្វឹកហ្វឺនតទៅទៀត»។ សម្ដេចធិបតី ក៏បានជំរុញឱ្យបរទេសដែលធ្លាប់ហាត់ក្បាច់គុនខ្មែរហើយបានសញ្ជាតិជាខ្មែរជួយផ្សព្វផ្សាយតទៅទៀត និងជំរុញឱ្យកងទ័ព កងយោធពលខេមរភូមិន្ទ ប៉ូលិស និងនិស្សិតតាមសាកលវិទ្យាល័យហាត់ក្បាច់គុនខ្មែរផងដែរ។

សម្ដេចធិបតី សង្ឃឹមថា »នឹងជំរុញនៅក្នុងការប្រើប្រាស់ដាក់ឱ្យហាត់ក្បាច់គុនខ្មែរឱ្យបានច្រើនតទៅទៀត ឯកឧត្តម ហង់ ជួនណារ៉ុន សាកលវិទ្យាល័យមានក្លឹប មានអីហាត់ក្បាច់គុនខ្មែរបន្ថែមទៀត ដើម្បីប្រើប្រាស់ឱ្យបានច្រើនផ្សព្វផ្សាយឱ្យបានច្រើន ខ្ញុំមិនហាមឃាត់អ្នកហាត់ក្បាច់គុនការ៉ាត់តេ តៃក្វាន់ដូទេ ខ្ញុំពីមុនក៏ធ្លាប់ហាត់ការ៉ាត់តេ និងតៃក្វាន់ដូដែរ»



 

Powered by Blogger.