កម្ពុជា អំពាវនាវដល់ រដ្ឋកោះតំបន់ប៉ាស៊ីហ្វិក រួបរួមគ្នា ប្រែក្លាយតំបន់ ប៉ាស៊ីហ្វិក ជាតំបន់គ្មានមីន
ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានអំពាវនាវដល់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់ រួបរួមគ្នា ដើម្បីប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន និងចូលរួមគាំទ្រដល់ការ អនុវត្តអនុសញ្ញាអូតាវ៉ា សំដៅសម្រេចឱ្យបានគោលដៅ ពិពភលោកមួយដែលគ្មានមីន។
ការលើកឡើងរបស់ ទេសរដ្ឋមន្ត្រី លី ធុជ
ក្នុងឱកាសជួបប្រជុំជាមួយបណ្តារដ្ឋកោះ នៃតំបន់ប៉ាស៊ីហ្វិក
ដើម្បីផ្សព្វផ្សាយអំពីអនុសញ្ញាអូតាវ៉ា និងលើកទឹកចិត្តដល់រដ្ឋកោះទាំងបី រួមមាន៖
កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា
នៅថ្ងៃទី៩ តុលា។
កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេស
និងស្ថាប័នអន្តរជាតិនានា ដូចជា ប្រទេសអាល្លឺម៉ង់ ជប៉ុន អូស្ត្រាលី នូវែលសេឡង់
ហ្វីជី មីក្រូនេស៊ី តុងហ្គា កោះម៉ាសាល់ អង្គការកាកបាទក្រហមអន្តរជាតិ (ICRC)
និង អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីកម្ពុជា, ទេសរដ្ឋមន្ត្រី លី ធុជ
បានស្នើ និងលើកទឹកចិត្តដល់ប្រទេសទាំងបី រួមមាន កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី
ពិចារណាចូលរួមជារដ្ឋ ភាគីអនុសញ្ញាអូតាវ៉ា ដើម្បីប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូល
ជាតំបន់គ្មានមីន និងបានអំពាវនាវ ដល់បណ្តារដ្ឋកោះទាំងអស់ ក្នុងតំបន់ប៉ាស៊ីហ្វិក
រួមគ្នាគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីសម្រេចឱ្យបានគោលដៅ
ពិភពលោកមួយដែលគ្មានមីន។
ទេសរដ្ឋមន្ត្រី លី ធុជ បន្ដថា កម្ពុជា
វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់
ក្នុងការ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
ដើម្បីបុព្វហេតុការពារអាយុជីវិតមនុស្ស និងបញ្ចប់ការរងទុក្ខវេទនាដល់មនុស្សជាតិ
ដែលបុព្វហេតុនេះ ស្របទៅនឹងគោលដៅចម្បង នៃអនុសញ្ញាអូតាវ៉ា ក្នុងន័យនេះ កម្ពុជា
ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព និងភាពធន់របស់រដ្ឋកោះ
តំបន់ប៉ាស៊ីហ្វិកទាំងអស់ នឹងអាចជួយជំរុញ ឱ្យសម្រេចបានគោលដៅ របស់អនុសញ្ញា គឺ
ពិភពលោកមួយដែលមិនមានការរងទុក្ខវេទនា ដែលបង្កដោយមីនប្រឆាំងមនុស្ស ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត
ដល់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិក ជាពិសេស កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កំពូលសៀមរាប-អង្គរ ដើម្បីស្វែងយល់
និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយរដ្ឋភាគី និងស្ថានប័នអន្តរជាតិនានា
ក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ា និងរួមគ្នាប្តេជ្ញាចិត្ត សម្រេចឱ្យបានគោលដៅ
ពិភពលោកមួយដែលគ្មានមីន៕

Post a Comment