អូស្រ្តាលីប្រកាសបរិច្ចាគរថក្រោះ Abrams ចាស់ៗចំនួន៤៩គ្រឿងឱ្យអ៊ុយក្រែន
ប្រភព៖ AFP
កង់បេរ៉ា៖ ក្រសួងការពារជាតិអូស្រ្តាលី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលាថា អូស្រ្តាលីនឹងបរិច្ចាគរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិក ចំនួន៤៩គ្រឿង ឱ្យអ៊ុយក្រែន ដើម្បីជួយពង្រឹងកងកម្លាំងជើងគោករបស់អ៊ុយក្រែន មុនរដូវរងាដ៏លំបាក ចូលមកដល់។
បើតាមក្រសួងការពារជាតិអូស្រ្តាលី
បានឱ្យដឹងថា រថក្រោះ M1A1 Abrams ទាំងប៉ុន្មានខាងលើ គឺដំបូងឡើយត្រូវបានអូស្រ្តាលីគ្រោងដាក់ឱ្យចូលនិវត្តន៍
នៅឆ្នាំ២០២៥ ក៏ប៉ុន្តែជំនួសមកវិញ ទីក្រុងកង់បេរ៉ាបានសម្រេចចិត្ត
បញ្ជូនពួកវាទៅជួយកិច្ចប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន ក្នុងការទប់ការឈ្លានពានរបស់រុស្ស៉ី។
អ៊ុយក្រែនបានដាក់សំណើមួយចំនួន
ឱ្យអូស្រ្តាលីបរិច្ចាគបរិក្ខារយោធាចាស់ៗ ឱ្យទៅខ្លួន។ យ៉ាងណាមិញ
អូស្រ្តាលីបានសម្រេចចិត្ត ដោះរុះរើចោលឧទ្ធម្ភាគចក្រ MRH-90
Taipan ក្រោយដាក់ឱ្យចូលនិវត្តន៍កាលពីឆ្នាំមុន
ជាជាងបញ្ជូនពួកវាទៅអ៊ុយក្រែន ក្រោមហេតុផលថា ឧទ្ធម្ភាគចក្រទាំងនោះ
លែងអាចប្រើប្រាស់ក្នុងការហោះហើរដោយសុវត្ថិភាព តទៀតហើយ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ
ហ្សេលេនស្គី បានបង្ហោះសារអរគុណ ការបរិច្ចាគរថក្រោះរបស់អូស្រ្តាលី
ខណៈរដ្ឋមន្រ្តីឧស្សាហកម្មការពារជាតិអូស្រ្តាលី លោក Pat Conroy ក៏នឹងត្រូវជួបពិភាក្សាផងដែរជាមួយ ក្រុមមន្រ្តីអ៊ុយក្រែន
នៅទីស្នាក់ការអង្គការ NATO ក្នុងទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក
នាសប្តាហ៍នេះ៕

Post a Comment