ក្រុមហេសបូឡា បើកការវាយប្រហារតបតទៅលើអ៊ីស្រាអែល ក្រោយការផ្ទុះឧបករណ៍ pager
ប្រភព៖ Reuters
ប៉េរូត៖ ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសថា ខ្លួនបានវាយប្រហារទៅលើទីតាំងកាំភ្លើងធំរបស់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការផ្ទុះឧបករណ៍ទំនាក់ទំនងនៅលីបង់ ដែលបណ្តាលឱ្យសមាជិករបស់ខ្លួនរាប់ពាន់នាក់រងរបួស។ ហេតុការណ៍នេះបានបង្កើនការព្រួយបារម្ភអំពីលទ្ធភាពនៃសង្គ្រាមមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ។
ប្រភពសន្តិសុខលីបង់ជាន់ខ្ពស់
និងប្រភពមួយទៀតបានបង្ហើបឱ្យដឹងថា ទីភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad បានដាក់គ្រឿងផ្ទុះនៅក្នុងឧបករណ៍ pager សម្រាប់ទំនាក់ទំនងដែលនាំចូលដោយក្រុមហេសបូឡាជាច្រើនខែ
មុនពេលការផ្ទុះកាលពីថ្ងៃអង្គារ។ ការវាយប្រហារនេះបានសម្លាប់មនុស្ស ១២នាក់
និងបណ្តាលឱ្យមនុស្សជិត ៣,០០០ នាក់រងរបួស។
ក្រុមហ៊ុនផលិតឧបករណ៍នេះមួយរបស់តៃវ៉ាន់បានបដិសេធថា
ខ្លួនមិនបានផលិតឧបករណ៍ pager ដែលបានផ្ទុះនោះទេ ដោយបញ្ជាក់ថា
ឧបករណ៍ទាំងនោះត្រូវបានផលិតឡើងក្រោមអាជ្ញាប័ណ្ណដោយក្រុមហ៊ុនមួយនៅទីក្រុង Budapest
ប្រទេសហុងគ្រី។
ក្រុមហេសបូឡាបានប្តេជ្ញាសងសឹកអ៊ីស្រាអែល
ខណៈដែលភាគីទាំងពីរបានផ្លាស់ប្តូរការវាយប្រហារគ្នាឆ្លងព្រំដែន
ចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។
ហេតុការណ៍នេះបានបង្កើនការភ័យខ្លាចនៃជម្លោះមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ
ដែលអាចអូសទាញសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ធ្វើសង្គ្រាមដោយផ្ទាល់៕
Post a Comment