ប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមចុះទស្សនកិច្ចក្នុងតំបន់ (CLV)

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ប្រតិភូជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកមន្រ្តីក្រោមឱវាទជាង១០០នាក់ ចុះទស្សនកិច្ចប្រព័ន្ធធារាសាស្រ្តនៅតំបន់CLV ក្នុងរយៈពេល២ថ្ងៃបន្តបន្ទាប់គ្នា ក្នុងនោះមាន ខេត្តក្រចេះ និងស្ទឹងត្រែង ។

ក្នុងដំណើរដឹកនាំប្រតិភូចុះទស្សនកិច្ចលើទឹកដីភូមិភាគឦសាន្តនៃប្រទេសកម្ពុជា នាឱកាសព្រឹកថ្ងៃទី១៧កញ្ញានេះ ឯកឧត្តម ហូ សិទ្ធីវ័ន្ត អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យក្រសួងធនធានទឹក បានមានប្រសាសន៍ថា យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយមទាំងអស់ សូមប្រកាសគាំទ្រយ៉ាងខ្លាំងក្លានូវគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ដោយហេតុថាក្នុងដំណើរទស្សនកិច្ចតាមព្រំដែននោះ យើងខ្ញុំមើលឃើញយ៉ាងច្បាស់នូវបូរណភាពទឹកដីកម្ពុជាបច្ចុប្បន្ន ទាំងក្នុងទីរួមខេត្ត និងតាមព្រំដែន មិនត្រូវបានប្រទេសជិតខាងណាមួយមករំលោភបំពាននោះឡើយ ។

ជាមួយគ្នានេះ ក្រុមប្រតិភូទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកដែលបានផ្ដល់ឱកាសដល់មន្ត្រីក្រោមឱវាទបានចុះទស្សនកិច្ចសិក្សា និងដំណើរកំសាន្តតាមព្រំដែន ជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសជាតិ និងប្រជាជន ។

សូមបញ្ជាក់ថា ប្រតិភូជាន់ខ្ពស់នៃក្រសួងធនធានទឹក បានចុះទស្សនកិច្ចសិក្សា និងដំណើរកំសាន្តមកកាន់ខេត្តនៃតំបន់CLV មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦ និង ១៧កញ្ញា ឆ្នាំ២០២៤ រួមមានខេត្តក្រចេះ និងស្ទឹងត្រែង ដោយបានទទួលស្វាគមន៍ពីសំណាក់អាជ្ញាធរខេត្ត ឆ្ពោះទៅកាន់ព្រំដែនកម្ពុជាឡាវ និងបានចូលទស្សនកិច្ចបង្គោលព្រំដែនលេខ០៣៤ និង០៣៥ ហ្នឹងបានទស្សនកិច្ចនៅតំបន់វារីអគ្គិសនីសេសានក្រោមពីរផងដែរ ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ខេត្តចំនួន៤ស្ថិតក្នុងតំតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា (CLV.DTA) មានខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងស្ទឹងត្រែង ដើម្បីប្រែក្លាយខេត្តជាប់ព្រំដែនទាំងនេះទៅជាតំបន់អភិវឌ្ឍន៍និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំង៣ នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕












Powered by Blogger.