អភិបាលខេត្តក្រចេះប្រាប់មន្រ្តីរាជការក្នុងខេត្តឱ្យចេះស្រឡាញ់ និងសាមគ្គីគ្នាក្នុងការបំរើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព

 អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះផ្តាំផ្ញេីដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ឱ្យចេះស្រឡាញ់ និងសាមគ្គីគ្នាដោយមិនរេីសអេីង ក្នុងការអនុវត្តការងារជំនាញរៀងៗខ្លួន ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពក្នុងការបំរើ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហគមន៍។ 

ការផ្តាំផ្ញេីរបស់ឯកឧត្តមខេត្តបែបនេះ ក្នុងឱកាសអញ្ជេីញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅសាលាខេត្តក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃទី១៥ ជាថ្ងៃភ្ជុំបិណ្ឌធំប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានលេីកទឹកចិត្ត និងកោតសរសេីរដល់មន្រ្តី ក្រោមឱវាទទាំងអស់ រួមនិងមន្រ្តីជាប់កិច្ចសន្យា ដែលបានខិតខំអនុវត្តការងារតាមជំនាញរៀងៗខ្លួន នៅរយៈពេលកន្លងមក សម្រេចដោយជោគជ័យ និងប្រកបដោយមោទកៈ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តបាន ថ្លែងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីសាលាខេត្តទាំងអស់ ដែល បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែនភូមិភាគឦសាននៃប្រទេស កម្ពុជា រួមជាមួយនិងរាជរដ្ឋាភិបាលប្រកបដោយក្តីមោទកៈ។ 

ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តបានឧបត្ថម ថវិកាមួយចំនួន ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃរដ្ឋបាលសាលាខេត្ត ដេីម្បីចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំ២០២៤នេះ  សូមអនុមោទនា ទទួលផលានិសង្សរៀងៗខ្លួន៕
















Powered by Blogger.