អភិបាលខេត្តព្រះសីហនុ ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុបាន អញ្ជើញចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅភូមិ១ និងភូមិ២ ឃុំអូត្រេះ និងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤  ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជំលៀសប្រជាពលរដ្ឋរងគ្រោះមានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា មិនត្រូវទុកឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងណាម្នាក់រងគ្រោះជំនន់ទឹកភ្លៀងដោយសារយើងមិនបានជួយអន្តរាគមន៍សង្គ្រោះនោះទេ  ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងត្រូវមានការប្រុងប្រយ័ត្នកូនចៅ ព្រោះគ្រោះធម្មជាតិមិនទៀងទាត់នោះទេ ព្រោះវាកើតឡើងមួយពព្រិចភ្នែក ដូច្នេះមានតែយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្ននៅរដូវវស្សា ត្រូវចេះអនាម័យខ្លួនឯង ផឹកស្អាត ហូបស្អាត ដើម្បី ចៀសផុតពីជំងឺផ្សេងៗ ។

ដោយសារតែខ្យល់លាយឡំ និងភ្លៀងបានបង្អោធ្លាក់ជាបន្តបន្ទាប់ចាប់ពីម៉ោង ១យប់ ឈានថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឱ្យមានជំនន់ជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ និងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៍បានចុះពិនិត្យស្ថានភាពក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ក្នុងនោះមានស្រះចិញ្ចឹមត្រីរបស់លោកអ៊ុ គុន នី ភេទប្រុស អាយុ៦០ឆ្នាំ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដែលចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ធ្វើឲ្យជំនន់ទឹកភ្លៀងបាននាំត្រីចិញ្ចឹមរបស់គាត់អស់ជាង ១០០គីឡូក្រាម ត្រូវបានទឹកហូនាំយកទៅអស់ ។ 

បើតាមការបញ្ជាក់របស់លោក គុន នី ក៏ដូចជាប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ មិនធ្លាប់មានជំនន់ទឹកភ្លៀងបែបនេះទេ រយៈពេលជាង ៣០ឆ្នាំមកនេះ ហើយមានតែឆ្នាំ២០២៤ នេះ មានគ្រោះធម្មជាតិជំនន់ទឹកភ្លៀងលិចយ៉ាងធ្ងន់ធ្ងរ៕













Powered by Blogger.