អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះ MoU ជាមួយសមាគមសិល្បករខ្មែរ លើកិច្ចសហការ និងលើកកម្ពស់ការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន
ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសមាគមសិល្បករខ្មែរ ស្តីពីកិច្ចសហការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ
អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
បានចុះហត្ថលេខាជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បករខ្មែរ។
ក្នុងនាមជាប្រធានសិល្បករខ្មែរ
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានលើកឡើងថា នេះជាលើកដំបូងសម្រាប់សមាគមសិល្បករខ្មែរ
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតាំងប្រធាន សម្រាប់អាណត្តិទី៦
ដែលបានចុះអនុស្សរណៈនៃការយោគយល់ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ដើម្បីមានឱកាសកាន់តែទូលំទូលាយក្នុងការចូលរួមជួយសង្គម តាមរយៈការពង្រឹង
និងលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគ្រប់វ័យ
និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឲ្យយល់ដឹងកាន់តែស៊ីជម្រៅ
និងចូលរួមកាន់តែសកម្មក្នុងការបង្ការ និងទប់ស្កាត់រាល់បញ្ហា
ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
ជាមួយគ្នានោះ
ដើម្បីចូលរួមចំណែកជួយឲ្ហអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចការងាររបស់ខ្លួន
ដែលរាជរដ្ឋាភិបាលបានបាត់ទុកជាការងារអាទិភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន
ក្នុងនាមប្រធានសមាគមសិល្បករខ្មែរ បានដាក់ចេញនូវផែនការគោលមួយចំនួនផងដែរ
សំដៅលើកទឹកចិត្ត បំផុសស្មារតី និងជំរុញឲ្យសិល្បករ សិល្បការិនី អ្នកផលិតកម្មវិធី
អ្នកគ្រប់គ្រងកម្មវិធី ឲ្យជួយបញ្រ្ជាបពីខ្លឹមសារអប់រំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាអធិបតី
និងជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់នេះ បានមានមតិសំណេះសំណាល
និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងឧត្តមគតិដ៏ប្រសើរថ្លៃថ្លា
របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ
ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជាមួយនោះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន
បាននាំនូវការអរគុណ និងកោតសរសើរដោយស្មោះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ
និងអ្នកពាក់ព័ន្ធនានា ក៏ដូចជាសិល្បករ សិល្បការនីទាំងអស់ដែលកន្លងមក
ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុក
និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអនុសាសន៍ដែលសម្តេចធិបតី បានដាក់ចេញនាពេលកន្លងមក
ពិសេសឲ្យចាត់ទុក «គ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ
ដែលយើងទាំងអស់គ្នា ត្រូវតែចូលរួមលុបបំបាត់» ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជាទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គ
និងបញ្ហារបស់សង្គមជាតិ៕




Post a Comment