ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ បើទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែមានមោទកភាព បានកើតទាន់ព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានថ្លែងថា បើទោះជាប្រជាពលរដ្ឋកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែមានមោទកភាពដែលបានកើតទាន់ការជីកព្រែកហ្វូណនតេជោ។
ការលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្តី
ស៊ុន ចាន់ថុល នាឱកាសអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង
ប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៤ ខែកក្កដា
ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ
ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួបពិភាក្សាបែងចែកភារកិច្ចដោយផ្ទាល់
ជូនដល់សមាជិកគណៈកម្មការអន្តរក្រសួងរៀបចំពិធីបើកការដ្ឋានទាំងអស់
ដើម្បីធានាដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព
ក្នុងកិច្ចការងាររៀបចំពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ខាងមុខ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
ដែលជាព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្ត ប្រកបដោយមោទកភាព។
ព្រឹត្តិការណ៍បើកការដ្ឋាននៅថ្ងៃទី៥
ខែសីហា ឆ្នាំ២០២៤ នឹងប្រារព្ធឡើងក្នុងភូមិសាស្ត្រព្រែកតាកែវ ឃុំសំរោងធំ
ស្រុកកៀនស្វាយ ខេត្តកណ្តាល រំពឹងថា
នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីលើកទីមួយរបស់កម្ពុជា
ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដោយហេតុថា គម្រោងព្រែកជីកហ្វូណនតេជោនឹងតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។
ឧបនាយករដ្ឋមន្ត្រី
ស៊ុន ចាន់ថុល បានបង្ហាញជំនឿយ៉ាងមុតមាំថា
បន្ទាប់ពីគម្រោងនេះបានបញ្ចប់ការសាងសង់រួចរាល់
នឹងផ្ដល់ត្រឡប់មកនូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច សង្គម ទេសចរណ៍
ពិសេសឯករាជ្យភាពនយោបាយដឹកជញ្ជូនរបស់កម្ពុជា
តាមរយៈការចូលរួមកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ បន្ថយការខូចខាតផ្លូវថ្នល់
ការកកស្ទះគ្រោះថ្នាក់ចរាចរណ៍ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចេញចូល
និងបង្កើនពហុមធ្យោបាយដឹកជញ្ជូនកម្ពុជាផងដែរ។
សូមជម្រាបជូនថា
គម្រោងផ្លូវនាវាចរណ៍នេះ បានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៦
ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣
ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ”
ហើយក្នុងនោះកម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌរួចរាល់នូវកាតព្វកិច្ចជូនដំណឹងអំពីគម្រោងនេះទៅគណៈកម្មការទន្លេមេគង្គ(គណៈកម្មការរួម)
តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា៕





Post a Comment