អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចទូទាំងខេត្ត ត្រូវចាត់វិធានការឱ្យបានម៉ឺនម៉ាត់ ចំពោះក្មេងទំនើង

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ទូទាំងខេត្ត ត្រូវចាត់វិធានការឱ្យបានម៉ឺនម៉ាត់បំផុត និងគ្មានការលើកលែង ចំពោះក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខដល់សង្គម និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត នៃគណៈអភិបាលខេត្តមណ្ឌលគិរី ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោក ប្រធានសាលាដំបូងខេត្ត  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំង៥ ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ដ  បានសំដែងនូវការកោតសរសើរ ចំពោះលទ្ធផល និងសកម្មភាពដែលសម្រេចបាននាពេលកន្លងមក  និងបានផ្ដល់ជាយុទ្ធសាស្ត្រល្អៗ ដល់លោកអភិបាល នៃគណៈអភិបាលក្រុង/ស្រុកទាំង០៥ ក៏ដូចជាសមត្ថកិច្ចទាំងបីប្រភេទចំណុះឱ្យរដ្ឋបាលខេត្ត ត្រូវខិតខំបន្តអនុវត្តការងារ រក្សាសន្តិសុខ ការពារសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំងអស់ទូទាំងខេត្ត ត្រូវចូលរួមទប់ស្កាត់ចំពោះបញ្ហាសិស្សសាលាដែលគេចសាលា មិនចូលរៀន ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត និងដោយគ្មានការលើកលែង លើក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខដល់សង្គម បណ្ដាលឱ្យមានការភ័យខ្លាច ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម បានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងបញ្ហា ក្មេងទំនើង ក៏ដូចជាបញ្ហា ការប្រើប្រាស់គ្រឿងញៀន រួមជាមួយល្បែងស៊ីសងគ្រប់ប្រភេទនេះ តែធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាដើម ដែលត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ស្របតាមច្បាប់។ ដូចនេះ សូមឱ្យកម្លាំងសមត្ថកិច្ចទាំងអស់ បន្តបង្ក្រាបឱ្យអស់ពីមូលដ្ឋាន ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់មកលើកម្លាំងសមត្ថកិច្ចមួយកំរិតថែមទៀត និងកាន់តែមានភាពកក់ក្តៅ ក្នុងការរស់នៅទៀតផង៕








Powered by Blogger.