ក្រសួងសាធារណការត្រៀមធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនៅក្នុងក្របខណ្ឌក្រសួង

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ប៊ុន សុផាត អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សា អំពីដំណើរការសម្រាប់ការរៀបចំយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន នៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួម ពីសមាជិកក្រុមការងារពាក់ព័ន្ធទាំងអស់។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យលើរបៀបនៃការរៀបចំ បែបបទ នីតិវិធី និងរំហូរការងាររបស់ក្រុមការងារជំនាញទទួលបន្ទុកតាមផ្នែកដែលត្រូវបានបង្កើតឡើង ព្រមទាំងការណែនាំចែករំលែកបន្ថែម អំពីបទពិសោធន៍ដែលធ្លាប់បានអនុវត្តនារយៈពេលកន្លងមក ដើម្បីធានាឱ្យដំណើរការរៀបចំធ្វើតេស្តរកសារធាតុញៀន អាចដំណើរការទៅបានរលូន និងមានប្រសិទ្ធភាពខ្ពស់។ ក្រោយពីបញ្ចប់កិច្ចប្រជុំ ក្រុមការងារក៏បានអញ្ជើញទៅពិនិត្យទីតាំងផ្ទាល់តែម្តង ដែលគ្រោងរៀបចំនៅសាលប្រជុំធំ នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមជម្រាបជូនផងដែរថា យុទ្ធនាការធ្វើតេស្តរកសារធាតុញៀននៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១០-១១-១២ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ៕






 

Powered by Blogger.