ចូ បៃដិន សន្យាជួយពង្រឹងប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន

ប្រភព៖ AFP

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងដាក់ចេញវិធានការថ្មីៗ ដើម្បីជួយពង្រឹងប្រព័ន្ធការពារ ដែនអាកាសរបស់អ៊ុយក្រែន បន្ទាប់ពីការបាញ់ស្រោចមីស៊ីលរបស់រុស្ស៉ីលើទីក្រុងកៀវ និងទីក្រុងជាច្រើនទៀត។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក បៃដិន បានគូសបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តនឹងប្រកាសពីកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូល NATO រៀបចំឡើងក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ ហើយបានចាត់ទុកការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ីគឺជារឿងមួយដ៏រន្ធត់ ដែលដាស់រំឮកពីភាពឃោរឃៅរបស់រុស្ស៉ី នៅក្នុង សង្រ្គាមដែលបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

បើតាមលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ការបាញ់ស្រោចមីស៊ីលរបស់រុស្ស៉ីដែលត្រូវចំមន្ទីរពេទ្យកុមារមួយក្នុងទីក្រុងកៀវផងនោះ បានសម្លាប់ មនុស្ស៣៧នាក់ ក្នុងនោះរួមមានកុមារ ៣នាក់ និងមនុស្សជាង១៧០នាក់ទៀតរងរបួស។

ជុំវិញការវាយប្រហារនេះ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងដែរថាយោធារបស់ខ្លួនបានវាយប្រហារលើ គោលដៅឧស្សាហកម្មយោធា និងមូលដ្ឋានយន្ដហោះចម្បាំងរបស់អ៊ុយក្រែន ដោយមិនបានកំណត់គោលដៅលើជនស៊ីវិលនោះឡើយ៕



 

Powered by Blogger.