ឧបនាយករដ្ឋមន្រ្តី ស សុខា ព្រមានជននៅពីក្រោយខ្នង បទល្មើសធនធានធម្មជាតិ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗថា ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលឈរពីក្រោយបទល្មើសធនធានធម្មជាតិ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយស។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា
នាឱកាសអញ្ជើញជាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែង លោក នួន ផារ័ត្ន ជាអភិបាល
នៃគណៈអភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានមានប្រសាសន៍រម្លឹកដល់ អង្គពិធីដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងកម្លាំងចម្រុះចំណុះរដ្ឋបាលខេត្ត នូវបញ្ជាដ៏ម៉ឺម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម នៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានព្រមានធ្ងន់ៗថា «ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលធ្លាប់
និងដែលព្យាយាមប៉ុនប៉ងធ្វើសកម្មភាពដោយផ្ទាល់ ឬឈរពីក្រោយប្រជាជនមកពីតំបន់ផ្សេង
ក្នុងចេតនាកាប់បំផ្លាញព្រៃឈើ ទន្ទ្រានដីរដ្ឋ ដីព្រៃលិចទឹក និងបទល្មើសនេសាទជាដើម
ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយស»៕

Post a Comment