ការបោះឆ្នោតសភាបារាំងជុំទី២៖ សម្ព័ន្ធគណបក្សឆ្វេងនិយម ឈ្នះអាសនៈភាគច្រើន
ប្រភព៖ AFP
ប៉ារីស៖ សម្ព័ន្ធគណបក្សឆ្វេងនិយម The New Popular Front (NFP) បានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី២
កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ដោយបានផ្ដួលគណបក្សស្ដាំនិយមជ្រុល
និងសម្ព័ន្ធគណបក្សរបស់លោកប្រធានាធិបតី Emmanuel Macron។
បើតាមលទ្ធផលបោះឆ្នោត កាលពីថ្ងៃអាទិត្យ
សម្ព័ន្ធគណបក្សឆ្វេងនិយម ទទួលបាន ១៧៧អាសនៈ ដោយនាំមុខសម្ព័ន្ធគណបក្សរបស់លោក Macron
ដែលទទួលបាន ១៤៨អាសនៈ ខណៈគណបក្សស្ដាំនិយមជ្រុល National
Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន ទទួលបាន១៤២អាសនៈ។
សម្ព័ន្ធគណបក្ស NFP
ទើបតែត្រូវបានបង្កើតឡើងកាលពីខែមិថុនាកន្លងទៅតែប៉ុណ្ណោះ
បន្ទាប់ពីលោក Macron ប្រកាសរំលាយសភា
និងអំពាវនាវរៀបចំការបោះឆ្នោតសភា មុនអាណត្តិ។ សម្ព័ន្ធគណបក្សឆ្វេងនិយមនេះមានគណបក្សចូលរួមដូចជា
Socialists, Greens, Communists និងគណបក្ស
ឡាហ្វ្រង់អាំងស៊ូមី (La France Insoumise) ដែលជាបក្សឆ្វេងនិយមជ្រុលដឹកនាំដោយលោក
ហ្សង់លុច មេឡុងសុង (Jean-Luc Mélenchon)។
តាមរយៈលទ្ធផលបោះឆ្នោតនេះ
គ្មានគណបក្សណាមួយដែលទទួលបានសំឡេងភាគច្រើនដាច់ខាត
ក្នុងរដ្ឋសភាបារាំងដែលមានអាសនៈសរុប ៥៧៧ នោះទេ។ ប៉ុន្តែ
វាបានរុញច្រានបារាំងឱ្យធ្លាក់ចូលក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់
ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ ខណៈសល់មិនដល់២ថ្ងៃទេ កិច្ចប្រជុំកំពូល NATO
ក្នុងទីក្រុងវ៉ាស៊ីនតោនចាប់ផ្ដើម ហើយ ៣សប្ដាហ៍ទៀត
ទីក្រុងប៉ារីសនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក៕

Post a Comment