អបអរសាទរ ! ថ្ងៃនេះខួប៧ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ជាខួប៧ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៤)។

ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើង នៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ប្រទេសជាសមាជិក និង ២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។

នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា) នាទីក្រុង Cracovie ប្រទេសប៉ូឡូញ។

ការដាក់សម្រេចបាននូវការដាក់បញ្ចូលប្រាសាទដ៏ចំណាស់របស់កម្ពុជាមួយនេះ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្តើមរៀបចំឯកសារ ដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២៕



Powered by Blogger.