ករណីឈូសឆាយដីព្រៃមាត់ទន្លេក្បែរគល់ស្ពានទន្លេស្រែពក មិនទាន់ឃើញមានអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ
អត្ថបទ ៖ ជឹម ទូច
ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ គេបានប្រទះឃើញទីតាំងដីព្រៃជាប់មាត់ទន្លេក្បែរគល់ស្ពានទន្លេស្រែពកប្រមាណ៤០០ម៉ែត្រ ស្ថិតក្នុងភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី កំពុងត្រូវបានជនមិនស្គាល់មុខធ្វើការឈូសឆាយ និងចាក់ដីធ្វើជាកម្មសិទ្ធិ មិនឃើញមានអាជ្ញាធរ ឬជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យឡើយមិនដឹងថា តើទីតាំងដីនៅចំណុចខាងលើនេះ មានប័ណ្ណកម្មសិទ្ធិ ឬមានច្បាប់អនុញ្ញាតនោះទេ។
លោក នូ ថេ អភិបាលស្រុកលំផាត់បានប្រាប់ "ភ្នំពេញដេលី" Phnom Penh Daily នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញឲ្យដឹងថា ការពិតជាដីរបស់បងផលិត គាត់បានស្លាប់ទៅហើយ ដីនេះបានទៅប្រពន្ធ និងកូនគាត់ ឥឡូវនេះកូនគាត់បានសង់ទីលំនៅកន្លែងហ្នឹង។
លោកអភិបាលស្រុកបញ្ជាក់ថា បើគាត់មិនចាក់ដីទេ គឺខែវស្សាទឹកលិច វាលិចបាត់ហើយ តើឲ្យអ្នកណាទទួលខុសត្រូវ វេទនាទាំងគ្រួសារគាត់ ទាំងប្រមុខរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរដែនដីនេះតែម្ដង អញ្ចឹងគាត់ត្រូវចាក់ដីឲ្យខ្ពស់កុំឲ្យទឹកលិច បើគាត់សាងសង់តាមច្បាប់ភូមិបាលគឺឲ្យសាងសង់មិនហួសចាប់ពីរមាត់ដីចំណីទន្លេ ៥០ម៉ែត្រ គឺមិនអនុញ្ញាតឲ្យទេ បើអូរប្រឡាយមានកំណត់របស់វា។
ចំណែកលោក លី ឧសភា ប្រធានមន្ទីរសូរិយោដីខេត្តរតនគីរី មិនអាចសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយខលទូរសព្ទចូលលើកទទួលហើយ ប៉ុន្តែមិននិយាយរួចក៏បិទទៅវិញ។
ដោយឡែកលោក លឿង ខេមរៈ ប្រធានដែនជម្រកលំផាត់បានប្រាប់ថា លោកដឹងហើយពាក់ព័ន្ធការវាទដីព្រៃខាងលើនោះពុំមានលិខិតអនុញ្ញាតទេ ឥឡូវនេះលោកកំពុងបន្តតាមដាន តើអ្នកណាជាម្ចាស់ដីនេះ លោកនឹងចាត់ការតាមនីតិវិធីច្បាប់។
រីឯលោក អ៊ុ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី អង្គភាពព័ត៌មាន "ភ្នំពេញដេលី" Phnom Penh Daily មិនអាចស្វែងរកសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ព្រោះទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។
មហាជនបានលើកឡើងថា គ្រឿងចក្របានឈូសឆាយដីទាំងយប់ទាំងថ្ងៃ ហេតុអីនៅតែមិនមានចំណាត់ការ រីឯជំនាញពាក់ព័ន្ធហាក់ដូចជាមិនហ៊ានចេញមុខ មិនដឹងម្ចាស់ដីខាងលើនេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាទេ មើលទៅ អញ្ចឹងមានតែសង្ឃឹមទៅលើ ឯកឧត្តម ញ៉ែម សំអឿន អភិខេត្តរតនគិរី ទើបអាចមានវិធានការរឿងនេះបាន៕








Post a Comment