យន្ដហោះយោធាចិន ៣៦គ្រឿង ធ្វើសកម្មភាពហោះហើរជុំវិញកោះតៃវ៉ាន់
ប្រភព៖ AFP
តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រ ទី៥ ខែកក្កដានេះ
បានឱ្យដឹងថាយន្ដហោះយោធាចិន ៣៦គ្រឿងបានធ្វើសកម្មភាពហោះហើរនៅជុំវិញដែនកោះតៃវ៉ាន់
ក្នុងរយៈពេល ២៤ម៉ោងមកនេះ។
ការរាយការណ៍ពីវត្តមានយន្ដហោះយោធាចិននេះ
កើតមានឡើងបន្ទាប់ពីឆ្មាំសមុទ្រចិនបានរឹបអូសទូកនេសាទតៃវ៉ាន់មួយគ្រឿង
ដោយចោទថាបានធ្វើការនេសាទ ខុសច្បាប់ នៅក្បែរដែនទឹកនៃឆ្នេរទីក្រុងក្វាងចូវ (Quanzhou) របស់ចិន និងក្បែរកោះ Kinmen
គ្រប់គ្រងដោយតៃវ៉ាន់ ខណៈដែលខាងតៃប៉ិ បានអះអាងថាទូកនេសាទនោះ
ធ្វើសកម្មភាពនេសាទតាមធម្មតា និងទទូចឱ្យអាជ្ញាធរចិនដោះលែងទូកនោះជាបន្ទាន់។
បើតាមក្រសួងការពារជាតិតៃវ៉ាន់
នៅថ្ងៃសុក្រនេះ យន្ដហោះយោធាចិន៣៦គ្រឿង និងនាវាចម្បាំង
៦គ្រឿងបានធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមម៉ោង
៦ព្រឹកនេះ។
ក្រសួងបន្ថែមថា
ក្នុងចំណោមយន្ដហោះយោធាចិនទាំង ៣៦គ្រឿង
មាន៣៥គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់
ដែលជាចំណុចខណ្ឌចែកក្រៅផ្លូវការ មានប្រវែង ១៨០គីឡូម៉ែត្ររវាងចិន និងតៃវ៉ាន់។
សូមជម្រាបថា ចិនបានបង្កើនការដាក់សម្ពាធលើទីក្រុងតៃប៉ិ
កាន់តែខ្លាំង នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ
ហើយបានដឹកនាំការធ្វើសមយុទ្ធយោធាឡោមព័ទ្ធតៃវ៉ាន់ ក្រោយលោក Lai Ching-te ដែលប៉េកាំងចាត់ទុកថាជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់
បានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ៕

Post a Comment