ជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណង និងកម្ចីការប្រាក់ទាបជាង ៦០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងចំនួន២

ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារចំនួន ២ទៀត ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្រ្តីការបរទេសជប៉ុន មកកាន់ប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាស​របស់ក្រសួងការបរទេស អំពីលទ្ធផល នៃទស្សនកិច្ចនេះ បានឱ្យដឹងថា បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កា ឧបនាយករដ្ឋមន្ត្រី សុខា ចិន្ដាសោភា រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និង លោកស្រី ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី ទី១- ការផ្តល់ហិរញ្ញប្បទានឥតសំណង (ប្រមាណ ២,៧ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និងទី២- ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន (ប្រមាណ ៥៩,៦ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ឆ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)។ ក្រៅពីឯកសារចំនួន២ ខាងលើនេះ រដ្ឋាភិបាលជប៉ុន ក៏បានប្រកាសថា នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ លានយ៉េន ស្មើនឹងប្រមាណជិត ២លានដុល្លារទៀត ដល់កម្ពុជា សម្រាប់ការពង្រីកបណ្តាញ អគ្គិសនីនៅរាជធានីភ្នំពេញផងដែរ។

សូមរំលឹកថា តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា, លោកស្រី រដ្ឋមន្ត្រីការបរទេសជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រី បានចូលជួប សម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅមុនមានជំនួប ទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៕










Powered by Blogger.