បណ្តាមេដឹកនាំពិភពលោក នឹងជួបមុខគ្នាសាជាថ្មីនៅ UN ក្នុងសប្តាហ៍នេះ
ញូវយ៉ក៖ បណ្តាមេដឹកនាំពិភពលោក ត្រូវជួបជុំគ្នានៅទីក្រុងញូវយ៉ក ក្នុងសប្តាហ៍នេះ សម្រាប់មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) ខណៈដែលកិច្ចពិភាក្សានឹងផ្តោតសំខាន់លើជម្លោះ ដែលកំពុងរីករាលដាលក្នុងតំបន់មជ្ឈិមបូព៌ា និងសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងហានិភ័យបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
មេដឹកនាំប្រហែល ១៣០រូប
ជួបគ្នានៅក្នុងបរិបទដែលសណ្តាប់ធ្នាប់ពិភពលោក ក្រោយសម័យសង្គ្រាមលោកលើកទី ២
កំពុងស្ថិតក្រោមសម្ពាធ ហើយ UN ខ្លួនឯងក៏កំពុងជួបការលំបាកក្នុងការរក្សាភាពសំខាន់
និងត្រូវប្រឈមមុខការរិះគន់ពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ
ដែលបានកាត់បន្ថយការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក
និងបានដកខ្លួនចេញពីស្ថាប័ននានារបស់ UN។
មេដឹកនាំចិន លោក ស៊ី ជីនពីង
នឹងមិនធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កឡើយ ប៉ុន្តែទៅជួបពិភាក្សាផ្ទាល់ជាមួយលោក ត្រាំ
នៅឯទីក្រុងវ៉ាស៊ីនតោនវិញ នាថ្ងៃព្រហស្បតិ៍ ខណៈដែលផែនការនេះបង្កឱ្យមានការវែកញែកអំពីតួនាទី
និងសារៈសំខាន់របស់ UN ពាក់ព័ន្ធការរដោះស្រាយវិបត្តិពិភពលោក។
អ្វីដែលធ្វើឱ្យវិបត្តិផ្នែកស្មារតី
និងហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរឡើងនោះ
គឺពាក់ព័ន្ធនឹងអ្នកដឹកនាំបន្ទាប់នៃស្ថាប័នដែលមានអាយុកាល ៨០ឆ្នាំនេះ
ដោយអគ្គលេខាធិការ លោក Antonio Guterres នឹងបញ្ចប់អាណត្តិនាចុងឆ្នាំ២០២៦
ប៉ុន្តែមិនទាន់មានបេក្ខជននាំមុខគេច្បាស់លាស់ណាមួយ
មកប្រកួតប្រជែងដើម្បីជំនួសតំណែងរបស់លោកនៅឡើយទេ។
យោងតាមក្រុមអ្នកការទូត ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិក ១៥ប្រទេស អាចរៀបចំកិច្ចប្រជុំកម្រិតខ្ពស់
ពាក់ព័ន្ធបញ្ហាអ៊ុយក្រែន បញ្ញាសិប្បនិម្មិត (AI) និងតំបន់មជ្ឈិមបូព៌ា
រួមទាំងកិច្ចពិភាក្សាជាមួយបណ្តាមេដឹកនាំនៃប្រទសអារ៉ាប់។ លោក Richard Gowan មកពីអង្គការ International Crisis Group មានប្រសាសន៍ ថា
«ជាងមួយឆ្នាំបន្ទាប់ពីអាណត្តិទីពីររបស់លោក ត្រាំ ចាប់ផ្តើម
យើងលែងនិយាយថា UN កំពុងធ្លាក់ចុះដុនដាបទៀតហើយ ប៉ុន្តែយើងអាចនិយាយថា
អង្គការនេះកំពុងជាប់គាំងនៅក្នុងវិបត្តិមួយ ដែលមិនដឹងថាពេលណាទើបអាចបញ្ចប់បាន»៕

Post a Comment