ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញ និងពង្រឹងកម្លាំងត្រៀមអនុវត្តបទបញ្ជា

អត្ថបទ៖ ទ្រី ហៀន

​ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចជំនាញ និងការត្រៀមលក្ខណៈសម្បត្តិអនុវត្តបទបញ្ជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្ដមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប។

​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង, នាយសេនាធិការរង, ប្រធាន-អនុប្រធានមន្ទីរ, នាយការិយាល័យ, មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងមេបញ្ជាការ និងមេបញ្ជាការរងកងអនុសេនាធំចល័តចំណុះបញ្ជាការដ្ឋានខេត្តយ៉ាងច្រើនកុះករ។ អង្គប្រជុំបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់លើលទ្ធផលការងារដែលបានអនុវត្តកន្លងមក ដើម្បីវាស់វែងប្រសិទ្ធភាពការងារជំនាញតាមបណ្តាមន្ទីរ ការិយាល័យ និងមូលដ្ឋានក្រុង-ស្រុក។

​ក្នុងកិច្ចប្រជុំ លោកមេបញ្ជាការបានសង្កត់ធ្ងន់លើការលើកកម្ពស់វិន័យជួរទ័ព ការទទួលខុសត្រូវលើភារកិច្ចជំនាញ និងការត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបចំពោះបទបញ្ជារបស់ថ្នាក់លើបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ការពង្រឹងកម្លាំងអន្តរាគមន៍ និងកម្លាំងចល័ត ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងទេសចរក្នុងខេត្តកែប ឱ្យបានល្អប្រសើរបំផុត។

យ៉ាងណា កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ក្នុងការកសាងកម្លាំងប្រកបដោយវិជ្ជាជីវៈ ភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបម្រើជាតិ និងប្រជាជន៕




















Powered by Blogger.