រដ្ឋមន្ដ្រីមហាផ្ទៃ ប្រកាសបង្រួញនីតិវិធី បណ្ដេញចេញពីក្របខណ្ឌ ចំពោះមន្រ្តីរូបណាមានសារធាតុញៀន
ខេត្តតាកែវ ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រកាសបង្រួញ នីតិវិធីបណ្ដេញចេញពីក្របខណ្ឌ ដោយប្រើពេលមួយថ្ងៃប៉ុណ្ណោះ ចំពោះករណីរកឃើញមន្រ្តី មានសារធាតុញៀន ។
ក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ នៅភូមិសាស្ត្រខេត្តតាកែវ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ដ្រី ស សុខា មានប្រសាសន៍ថា «ដូចកាលកន្លងទៅថ្មីៗនេះ មានរងប៉ុស្តិ៍នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានបើកឡានបុក។ អាបើកឡានបុករឿងមួយ ប៉ុន្តែដល់ពេលធ្វើតេស្តទៅមានសារធាតុញៀន។ អញ្ចឹងហើយ ស្នងការ ក៏បានរៀបចំនីតិវិធីនានា ដើម្បីស្នើសុំក្នុងការដាក់ទោសទណ្ឌកម្ម ឬបណ្ដេញចេញ។ ខ្ញុំគិតថា អានឹងមិនចាំបាច់នីតិវិធីច្រើនទេ បើឃើញសារធាតុញៀនហើយ គឺបណ្ដេញចេញតែម្ដង។ អញ្ចឹងកាត់បន្ថយនីតិវិធី ក្នុងការធ្វើសំណើស្អីៗម៉េចឲ្យបានលឿនបំផុត»។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ដថា «ឥឡូវយើងដឹងហើយ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឲ្យតែមានគ្រឿងញៀន សារធាតុញៀនក្នុងខ្លួន ត្រូវតែបណ្ដេញចេញពីក្របខណ្ឌ។ អានឹងច្បាស់ហើយ។ អារឿងបុកគេ អានឹងទូទាត់សំណងបន្ទាប់។ បន្ទាប់មកដាក់ទោសទណ្ឌនៅក្នុងវិស័យកងកម្លាំង អានេះជារឿងមួយ។ ប៉ុន្តែបើមានសារធាតុញៀនក្នុងខ្លួនហើយ វាមិនត្រូវទុកដល់ពេលយើងត្រូវបណ្ដេញចេញ ត្រូវការរៀបចំនីតិវិធី»។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បន្ថែមថា នីតិវិធី បើធ្វើតាមធម្មតាយ៉ាងទិច ២សប្ដាហ៍។ ឯកឧត្តម គិតថា «អត់អាចទៅរួចទេ»។ ត្រូវបង្រួញនីតិវិធីបណ្ដេញចេញ ពីក្របខណ្ឌនៅសល់មួយថ្ងៃបានហើយ៕

Post a Comment