កម្ពុជា ប្រឆាំង និងថ្កោលទោស ចំពោះការប្រើប្រាស់ គ្រាប់បែកចង្កោម
វៀងចន្ទន៍៖ ថ្លែងទៅកាន់ពិភពលោកតាមរយៈកិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានគណៈប្រតិភូកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជា ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។
ឯកឧត្តមគូសបញ្ជាក់ទៀតថា
កម្ពុជាបានចំណាយពេលជាង ៣៣ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
ដោយបានរំដោះផ្ទៃដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ
និងកម្ទេចចោលយុទ្ធភណ្ឌគ្រឿងផ្ទុះរាប់លានគ្រាប់។ ទោះជាយ៉ាងណា
កម្ពុជានៅមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េទៀតដែលនៅសេសសល់ពីសង្គ្រាម
និងត្រូវបន្តដោះស្រាយ។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា
កម្ពុជាមិនបានរំពឹងថានឹងត្រូវចាប់ផ្តើមការងារនេះសារជាថ្មីឡើយ។
ប៉ុន្តែក្នុងឆ្នាំ២០២៥ ក្នុងបរិបទជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់លើទឹកដី និងនៅតាមសហគមន៍របស់កម្ពុជា
ដែលបានបង្កើតតំបន់រងផលប៉ះពាល់ថ្មីជិត ៤.០០០ គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣.០០០
គីឡូម៉ែត្រការ៉េ រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។
ការគំរាមកំហែងថ្មីនេះ
បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ
និងបង្កើនបន្ទុកលើកិច្ចខិតខំប្រឹងប្រែងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់កម្ពុជា។
ប្រជាពលរដ្ឋស៊ីវិល ជាពិសេសកសិករ ត្រូវបានសម្លាប់ និងរងរបួស ខណៈប្រជាពលរដ្ឋជាង ២០.០០០នាក់
នៅតែត្រូវបានផ្លាស់ទីលំនៅ
និងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានដែលជាទ្រព្យសម្បត្តិរបស់ខ្លួនបាន។
ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា
“កម្ពុជាមិនទាន់បញ្ចប់ការបោសសម្អាតមរតកសង្គ្រាមពីអតីតកាលអស់ផង
បែរជាត្រូវប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មីជិត ៤.០០០ គីឡូម៉ែត្រការ៉េ
ដែលបង្កឡើងដោយការប្រើប្រាស់អាវុធក្នុងឆ្នាំ២០២៥ ដោយកងកម្លាំងយោធាថៃ។
បន្ទុកថ្មីនេះកាន់តែបង្កើនតម្រូវការធនធាន និងកិច្ចខិតខំប្រឹងប្រែង
ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសហគមន៍ដែលរងផលប៉ះពាល់។”
ឯកឧត្តមទេសរដ្ឋមន្រ្តី
បានបញ្ជាក់ពីជំហររបស់កម្ពុជាយ៉ាងច្បាស់ថា
“ទោះកម្ពុជាមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនេះក៏ដោយ
កម្ពុជាគាំទ្រយ៉ាងពេញលេញចំពោះគោលបំណងរបស់អនុសញ្ញា និងមិនដែលផលិត
ឬប្រើប្រាស់គ្រាប់បែកចង្កោមឡើយ” ហើយបានប្រកាសប្រឆាំង
និងថ្កោលទោសចំពោះការប្រើប្រាស់អាវុធប្រភេទនេះ”។ កម្ពុជាក៏ត្រៀមចែករំលែកបទពិសោធន៍ក្នុងការបោសសម្អាត
ការអប់រំអំពីហានិភ័យ និងជំនួយជន រងគ្រោះ ជាមួយប្រទេសនានាដែលត្រូវការ
ដើម្បីរួមចំណែកកាត់បន្ថយការឈឺចាប់ និងការគំរាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ
ដូចដែលកម្ពុជាបានឆ្លងកាត់៕



Post a Comment