ឥណ្ឌាជួបប្រទះខែសីហាដ៏ក្តៅបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩០១ មក
ញូវដេលី៖ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានប្រកាសថា ប្រទេសឥណ្ឌាបានឆ្លងកាត់ខែសីហាដ៏ក្តៅបំផុតមិនធ្លាប់មាន គិតចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩០១ មក ដោយសីតុណ្ហភាពមធ្យមនៅទូទាំងប្រទេសបានហក់ឡើងដល់ ២៨,០១អង្សាសេ។
នាយកដ្ឋានឧតុនិយមបានបញ្ជាក់ថា
សីតុណ្ហភាពមធ្យមនេះគឺខ្ពស់ជាងកម្រិតមធ្យមភាគរយៈពេលវែងសម្រាប់ខែសីហា រហូតដល់ ០,៦៧អង្សាសេ ដែលបានបំបែកកំណត់ត្រាចាស់កាលពីខែសីហា ឆ្នាំ២០២៣
ដែលមានសីតុណ្ហភាពមធ្យម ២៨,០អង្សាសេ។
កត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងកម្តៅនេះ គឺដោយសារតែបរិមាណទឹកភ្លៀងមូសុងក្នុងខែសីហា
បានធ្លាក់ចុះ ១៦ភាគរយក្រោមអត្រាធម្មតា ដែលមួយផ្នែកបណ្តាលមកពីបាតុភូតអែលនីណូ (El
Nino)។
អែលនីណូ គឺជាបាតុភូតអាកាសធាតុធម្មជាតិ
ដែលធ្វើឱ្យមានការប្រែប្រួលខ្យល់ សម្ពាធបរិយាកាស និងរបបទឹកភ្លៀងនៅទូទាំងពិភពលោក
ដោយវាច្រើនតែបង្កឱ្យមានភាពរាំងស្ងួតនៅប្រទេសឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមអ្នកវិទ្យាសាស្ត្រព្រួយបារម្ភថា
បាតុភូតនេះនឹងធ្វើឱ្យភពផែនដីដែលកំពុងឡើងកម្តៅស្រាប់ដោយសារការដុតឥន្ធនៈហ្វូស៊ីល
កាន់តែមានសភាពអាក្រក់។
សូមជម្រាបថា
ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក
គឺជាប្រទេសដែលងាយរងគ្រោះបំផុតពីអាកាសធាតុក្តៅខ្លាំង។
ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យរលកកម្តៅកើតឡើងកាន់តែញឹកញាប់ និងកាន់តែសាហាវ
ដោយសីតុណ្ហភាពនៅតំបន់មួយចំនួនក្នុងប្រទេសនេះ
បានហក់ឡើងដល់កម្រិតដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

Post a Comment