ឯកឧត្តម នេត្រ ភក្ត្រា ចូលរួមប្រជុំរបស់គណៈកម្មាធិការរៀបចំសន្និសីទអន្តរជាតិស្ដីពី«ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»លើកទី៧
ឯកឧត្តម នេត្រ ភក្ត្រា ចូលរួមប្រជុំរបស់គណៈកម្មាធិការរៀបចំសន្និសីទអន្តរជាតិស្ដីពី«ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»លើកទី៧
រាជធានីភ្នំពេញ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមប្រជុំរបស់ គណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពី«ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»នៅកម្ពុជា លើកទី៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិ ស្តីពី«ការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
កិច្ចប្រជុំនេះមានការចូលរួមពីលោក, លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការ។ អង្គប្រជុំបានបន្តពិនិត្យលើវឌ្ឍនភាពការងារ និងបានពិភាក្សាលើការងារដែលនៅសេសសល់ ជាពិសេសពាក់ព័ន្ធការងារខ្លឹមសារ ការផ្សព្វផ្សាយ ពិធីការ និងបដិសណ្ឋារកិច្ច ព្រមទាំងការងារសន្តិសុខ។
ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី«ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុននេះក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិក្នុងតំបន់ និងសកលលោក៕






Post a Comment