ប្រតិភូធុរកិច្ចនិងវិនិយោគចិនជាង២០ក្រុមហ៊ុន ស្វែងយល់ពីកាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចនិងវិនិយោគ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីសិក្សាស្វែងយល់ឱ្យបានលម្អិតអំពី «កាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា»

គណៈប្រតិភូធុរកិច្ចនិងវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៥ស្ថាប័ន ដឹកនាំដោយលោកបណ្ឌិត Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការនៃ វិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS) និងមានការសម្របសម្រួលពី សមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA)

លោកបណ្ឌិត ហេង វុទ្ធី ប្រធានសហព័ន្ធជាតិជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជាបានឱ្យដឹងថា គណៈប្រតិភូចិនដែលមកស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា នាពេលនេះ រួមមានមកពីស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រជាន់ខ្ពស់ គឺវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនវានុវត្តន៍ និងការអភិវឌ្ឍន៍ចិន ព្រមទាំងតំណាងមកពីវិស័យយុទ្ធសាស្ត្រជាច្រើនដូចជា ថាមពលថ្មី និងកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល AI ផលិតកម្មទំនើប កសិកម្ម e-Commerce ភស្តុភារកម្ម និងទីផ្សារដើមទុន។ ក្នុងនោះក៏មានវត្តមានតំណាងក្រុមហ៊ុនធំៗ និងបច្ចេកវិទ្យាជឿនលឿន ដូចជា ក្រុមហ៊ុន OCEANO China Investment, Beijing Juntian Hangyu Technology និង Helio New Energy ផងដែរ។

លោកបានគូសបញ្ជាក់ថា គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីអនុញ្ញាតឱ្យវិនិយោគិនចិនទទួលបានព័ត៌មានជាក់ស្តែង និងផ្លូវការផ្ទាល់ពី CDC អំពីទស្សនវិស័យសេដ្ឋកិច្ច អាទិភាពអភិវឌ្ឍន៍របស់កម្ពុជា គោលនយោបាយ និងវិស័យអាទិភាពដែលរាជរដ្ឋាភិបាលកំពុងទាក់ទាញ ការលើកទឹកចិត្តផ្នែកពន្ធដារ កិច្ចសម្រួលវិនិយោគ និងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)។ លើសពីនេះ ជំនួបនេះក៏ជាឱកាសសម្រាប់ស្វែងរកគម្រោងសហប្រតិបត្តិការជាក់ស្តែងរវាងក្រុមហ៊ុនចិន និងដៃគូកម្ពុជាផងដែរ។

លោកបានគូសបញ្ជាក់បន្ថែមថា CamTIPA រួមជាមួយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ប្តេជ្ញាចិត្តធ្វើជាស្ពានចម្លងភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ វិនិយោគិនអន្តរជាតិ និងទីផ្សារដើមទុន ដើម្បីប្រែក្លាយឱកាសរួមឱ្យទៅជាលទ្ធផលវិនិយោគជាក់ស្តែង និងយូរអង្វែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ក្នុងគោលបំណងពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានរម្លឹកអំពីការចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចផ្លូវការ និងមិត្តភាពប្រកបដោយផ្លែផ្កានៅសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាបន្តដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅផងដែរ។ បន្ថែមពីលោក បានគូសបញ្ជាក់អំពីបរិយាកាសវិនិយោគប្រកបដោយអំណោយផលរបស់កម្ពុជា រួមមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់វិនិយោគថ្មីដែលផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តខ្ពស់ ព្រមទាំងកម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងទីតាំងភូមិសាស្រ្តដែលអំណោយផល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ដោយបាននិងកំពុងដាក់ចេញនូវវិធានការ ក៏ដូចជាយន្តការថែទាំវិនិយោគប្រកបដោយប្រសិទ្ធភាព និងភាពបុរេសកម្មជាបន្តបន្ទាប់។ ក្នុងនោះដែរ ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល  បានរំលេចអំពីគំនិតផ្តួចផ្តើមថ្មីគឺកម្មវិធី «Open Day with DPM» ដែលកម្មវិធីផ្លូវការជាលើកដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញានេះ។

ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់លើតម្រូវការវិនិយោគលើវិស័យកែច្នៃវត្ថុធាតុដើមដូចជា គ្រាប់ស្វាយចន្ទី ស្វាយ ដំឡូងមី និងពោត ក៏ដូចជាវិស័យអេឡិចត្រូនិក និងយានយន្ត ដើម្បីបង្កើនតម្លៃបន្ថែម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមរយៈជំនួបពិភាក្សានេះគណៈប្រតិភូធុរកិច្ចនិងវិនិយោគ ទទួលបានឱកាសក្នុងការជម្រាបជូនអំពីបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម ជំនាញឯកទេស ព្រមទាំងទស្សនវិស័យ និងគម្រោងផែនការក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់។ បន្ថែមពីនេះ គណៈប្រតិភូក៏បានលើកឡើងនូវសំណួរបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ ដើម្បីគោរពស្នើសុំការតម្រង់ទិស និងការពន្យល់បកស្រាយពីសំណាក់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលផងដែរ៕







 

Powered by Blogger.