ប្រជាពលរដ្ឋអំពាវនាវដល់អាជ្ញាធរក្រុងបូកគោ និងមន្ត្រីជំនាញ មេត្តាចុះពិនិត្យមើលការសាងសង់របងរបស់ ក្រុមហ៊ុន សុខាអូរតែល (Sokha Hotel Grub) ដែលរំលោភលើផ្លូវសាធារណៈរបស់រដ្ឋ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងទូក
ក្រុងបូកគោ ខេត្តកំពត បានសម្តែងការហួសចិត្តជាខ្លាំង
បន្ទាប់ពីឃើញសកម្មភាពការសាងសង់របងរបស់ក្រុមហ៊ុន សុខាអូតែល (Sokha Hotel
Group) កំពុងចាក់គ្រឹះយ៉ាងរឹងមាំរំលោភលើទីតាំងដីផ្លូវសាធារណៈរបស់រដ្ឋ។
បើតាមប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា
ផ្លូវមួយខ្សែដែលកំពុងរៀបចំសង់របងបិទនេះ គឺជាផ្លូវអាស្រ័យ ផលរួមរបស់រដ្ឋ
ដែលពួកគាត់បានប្រើប្រាស់ធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផលជាយូរណាស់មកហើយ
ឥឡូវត្រូវបានក្រុមហ៊ុន សុខាអូរតែល (Sokha Hotel Grub) ធ្វើរបង ហើយមិនទាន់ឃើញខាងអាជ្ញាធរក្រុង
ឬមន្ត្រីជំនាញចុះមកពិនិត្យផ្ទៀងផ្ទាត់ និងហាមឃាត់ឡើយ។
ពលរដ្ឋបានបន្តទៀតថា ការលេចឡើងនូវសកម្មភាពសាងសង់របងលើផ្លូវសាធារណៈរបស់រដ្ឋបែបនេះ
បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើរប្រចាំថ្ងៃ
និងជីវភាពរស់នៅរបស់សហគមន៍ ដោយលើកជាចម្ងល់ថា៖ «តើសកម្មភាពសាងសង់របងរំលោភលើផ្លូវសាធារណៈខាងលើនេះ
មានច្បាប់ ឬលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួង-ស្ថាប័នជំនាញ
និងអាជ្ញាធរដែនដីដែរឬយ៉ាងណា?»។
ឆ្លើយតបនឹងបញ្ហានេះ ប្រជាពលរដ្ឋ និងសាធារណជន
សូមអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត
ក៏ដូចជាអាជ្ញាធរក្រុងបូកគោ ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដី ខេត្តកំពត មេត្តាចាត់កម្លាំង និងមន្ត្រីជំនាញចុះត្រួតពិនិត្យ
និងវាស់វែងទីតាំងដែលកំពុងសាងសង់របងខាងលើឱ្យបានត្រឹមត្រូវផងដើម្បី៖
១. ផ្ទៀងផ្ទាត់ព្រំប្រទល់ដី
និងរក្សាការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
២. ពិនិត្យភាពស្របច្បាប់ នៃលិខិតអនុញ្ញាតសាងសង់របស់ក្រុមហ៊ុន។
៣. ជួយអន្តរាគមន៍ផ្អាកសកម្មភាព និងតម្រូវឱ្យរុះរើចេញវិញ
ប្រសិនបើពិនិត្យឃើញមានការរំលោភលើផ្លូវសាធារណៈពិតប្រាកដ
ដើម្បីបើកផ្លូវជូនប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ។
ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាពសារព័ត៌មាន «ភ្នំពេញដេលី» Sapormean Phnom Penh Daily មិនទាន់អាចស្វែងរកសុំការបំភ្លឺពីខាង ក្រុមហ៊ុន សុខាអូរតែល (Sokha Hotel Grub) និងអាជ្ញាធរសង្កាត់ អាជ្ញាធរក្រុង ឬមន្ត្រីជំនាញពាក់ព័ន្ធបានឡើយ និងរង់ចាំការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ៕








Post a Comment