អ៊ីរ៉ង់ និងអាមេរិក អះអាងរៀងៗខ្លួនពីការកំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz
តេហេរ៉ង់៖ មេបញ្ជាការកងកម្លាំងយោធាប៉ារ៉ា Basij របស់ប្រទេសអ៊ីរ៉ង់ លោក Hossein Taeb នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ បានះអះអាងថា ច្រកសមុទ្រ Hormuz នាពេលនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងនិងចាត់ចែងរបស់អ៊ីរ៉ង់។
ការអះអាងដូចខាងលើ
ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានសរសេរនៅលើបណ្ដាញសង្គម Truth
Social របស់លោកថា សហរដ្ឋអាមេរិក កំពុងរក្សាការគ្រប់គ្រងទាំងស្រុង
នៅឯតំបន់ផ្លូវទឹកយុទ្ធសាស្ត្រនេះ។
លោក Taeb បានចោទថា សហរដ្ឋអាមេរិកបានព្យាយាមរំខាន នូវអ្វីដែលលោកបានហៅថា
ប្រជាប្រិយភាពរបស់អ៊ីរ៉ង់នៅក្នុងតំបន់ តាមរយៈការបង្កសង្គ្រាមមួយទៀតនៅច្រកសមុទ្រ Hormuz ប៉ុន្តែត្រូវបានបរាជ័យម្ដងទៀត ទោះបីជាបានអះអាងថា អ៉ីរ៉ង់លែងមានទាំងកងទ័ពអាកាស
និងកងទ័ពជើងទឹកក៏ដោយ។
លោក Taeb បានបន្តថា «ថ្ងៃនេះអ្នកឃើញហើយថា ច្រកសមុទ្រ Hormuz ស្ថិតក្រោមការគ្រប់គ្រង និងចាត់ចែងរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់» ហើយលោកបន្ថែមថា អ៊ីរ៉ង់កំពុងបន្តការគ្រប់គ្រងនៅទីនោះ ដោយសុវត្ថិភាពពេញលេញ
និងគ្មានការរំខានអ្វីទាំងអស់។
សូមជម្រាបថា លោក
ត្រាំ បានអះអាងកាលពីថ្ងៃពុធថា អាមេរិកកំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz។ លោកប្រធានាធិបតី បានសរសេរនៅលើបណ្ដាញសង្គមរបស់លោក យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក មានការគ្រប់គ្រងទាំងស្រុង លើច្រកសមុទ្រ Hormuz។ ខ្ញុំគិតថាយើងនឹងបន្តរក្សាការគ្រប់គ្រងនេះ។
ការបិទខ្ទប់ដែនសមុទ្ររបស់កងទ័ពជើងទឹកយើង ត្រូវបានគេហៅថា ជញ្ជាំងដែកថែបដ៏រឹងមាំ
ហើយគ្មានអ្វីដែលអ៊ីរ៉ង់អាចធ្វើបានឡើយ»៕ (Reuters)

Post a Comment