ក្រុមហ៊ូទីវាយប្រហាររោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីត ក្រោយមានកិច្ចព្រមព្រៀងការពារជាតិជាមួយតួកគីយ៉េ និងប៉ាគីស្ថាន
សាន់ណា៖ ក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអាទិត្យថា ខ្លួនបានប្រើប្រាស់ដ្រូនវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Jazan របស់ក្រុមហ៊ុនរដ្ឋអារ៉ាប៊ីសាអូឌីត Aramco។ ការវាយប្រហារនេះ ធ្វើឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានចុះកិច្ចព្រមព្រៀងការពារជាតិត្រីភាគីជាមួយតួកគីយ៉េ និងប៉ាគីស្ថាន។
កិច្ចព្រមព្រៀងការពារជាតិរវាងប្រទេសមូស្លីមស៊ុននីទាំងបីនេះ
គឺសំដៅទប់ទល់នឹងអស្ថិរភាពក្នុងតំបន់ដែលបង្កឡើងដោយសង្គ្រាមរបស់អាមេរិកជាមួយអ៊ីរ៉ង់
ដោយបានចែងយ៉ាងច្បាស់ថា ការវាយប្រហារលើប្រទេសណាមួយ
គឺស្មើនឹងការវាយប្រហារលើប្រទេសទាំងបី។ ទោះជាយ៉ាងណា គេមិនទាន់ច្បាស់ថាតើតួកគីយ៉េ
និងប៉ាគីស្ថាន នឹងចេញមុខជួយអារ៉ាប៊ីសាអូឌីតតបតនឹងការវាយប្រហារនេះដោយរបៀបណានោះទេ។
ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា
អគ្គិភ័យពិតជាបានឆាបឆេះរោងចក្រ Jazan មែន
ប៉ុន្តែត្រូវបានពន្លត់វិញភ្លាមៗដោយគ្មានអ្នករងរបួស។
រោងចក្រនេះមានសមត្ថភាពចម្រាញ់ប្រេងរហូតដល់ ៤០ម៉ឺនធុងក្នុងមួយថ្ងៃ។ បន្ថែមពីនេះ
ក្រុមហ៊ូទីក៏បានអះអាងពីការវាយប្រហារដោយមីស៊ីល និងដ្រូនទៅលើកំពង់ផែ Mocha របស់យេម៉ែន
ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស្របច្បាប់គាំទ្រដោយអារ៉ាប៊ីសាអូឌីតផងដែរ។
គួររំលឹកថា កាលពីខែមុន
ក្រុមហ៊ូទីទើបតែបានប្រកាសបិទផ្លូវសមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម
ជាការសងសឹកទៅនឹងការឡោមព័ទ្ធរបស់ទីក្រុងរីយ៉ាដមកលើប្រជាជនយេម៉ែន
ដែលការចោទប្រកាន់នេះត្រូវបានអារ៉ាប៊ីសាអូឌីតទាត់ចោលទាំងស្រុង៕

Post a Comment