ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីកាតព្វកិច្ចគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ព័ត៌មានគណនីអតិថិជន និងការបង្កកគណនី
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំថ្មីមួយ ស្តីពីកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងគណនីរបស់អតិថិជន និងការឃាត់ទុក/បង្កក ឬលើកលែងការឃាត់ទុក/បង្កកគណនីរបស់អតិថិជន ក្នុងគោលបំណងពង្រឹង និងពន្លឿននីតិវិធីអនុវត្តច្បាប់ចំពោះដីកា ឬសំណើសុំរបស់ស្ថាប័នមានសមត្ថកិច្ច។
យោងតាមសារាចរណែនាំនេះ គ្រប់គ្រឹះស្ថានធនាគារ
និងហិរញ្ញវត្ថុ ត្រូវពិនិត្យ និងអនុវត្តដោយផ្ទាល់តាមដីកា
ឬសំណើសុំរបស់ស្ថាប័នមានសមត្ថកិច្ច
ដោយពុំតម្រូវឱ្យមានការស្នើសុំការបញ្ជាក់បន្ថែមពីធនាគារជាតិនៃកម្ពុជាទៀតឡើយ។
ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ខ្លួនមិនមានសមត្ថកិច្ចក្នុងការបកស្រាយ
ឬពន្យល់បន្ថែមទៅលើចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចនោះទេ។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
ត្រូវអនុលោមតាមច្បាប់ពាក់ព័ន្ធជាធរមាន និងស្របតាមខ្លឹមសារនៃមាត្រា ៤៧ កថាខណ្ឌទី១
និងទី៣ នៃច្បាប់ ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលចែងថា៖ចំពោះបុគ្គលដែលចូលរួម
ទោះក្នុងឋានៈណាក៏ដោយ នៅក្នុងការអភិបាល ការដឹកនាំ ការកាន់កាប់
ការត្រួតពិនិត្យផ្ទៃក្នុង ឬពីខាងក្រៅនៃគ្រឹះស្ថានចំណុះច្បាប់នេះ
ឬចំពោះបុគ្គលឯទៀតដែលធ្វើការងារឱ្យ គ្រឹះស្ថានចំណុះច្បាប់នេះ
មិនត្រូវបរិហារបញ្ចេញប្រាប់ដល់ជនណាក៏ដោយ នូវព័ត៌មានដែលមានចរិតសម្ងាត់
លើសេចក្តីប្រកាស ហេតុការណ៍ សារលិខិត តួលេខ ឬអត្ថន័យនៃឯកសារគណនេយ្យ
ឬរដ្ឋបាលដែលខ្លួន បានដឹងតាមរយៈមុខងាររបស់ខ្លួន៕



Post a Comment