ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ពិធីនេះរៀបចំឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងពិធីនេះ
មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា
ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យនានា ព្រមទាំងនិស្សិត និងមាតាបិតារបស់និស្សិត។
របាយការណ៍របស់សាកលវិទ្យាល័យ
បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រមានចំនួន ៤ ០០១ នាក់ នារី ២ ១០៣នាក់។
និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៣ ២៧៨នាក់ (នារី
១.៨១៣នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៧២៣នាក់ (នារី ២៩០នាក់)។
របាយការណ៍សាកលវិទ្យាល័យ
បានឱ្យដឹងដែរថា ផ្អែកលើលទ្ធផលអង្កេតពីភាពមានការងារធ្វើរបស់និស្សិតជ័យលាភី
នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបង្ហាញថា
ក្នុងចំណោមនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាថ្ងៃនេះ និស្សិតប្រមាណ ៩២,៧០ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ មាន ៩១,៧០ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ៩៧,២៣ភាគរយ៕

Post a Comment