ខែកក្កដា កម្ពុជាចុះបញ្ចីគម្រោងវិនិយោគចំនួន៣៣ ក្នុងទំហំទុនវិនិយោគសរុប ៥២៥លានដុល្លារ

ភ្នំពេញ ៖ កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥២៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ១៧ពាន់កន្លែង។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ថា ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន២៣គម្រោង ក្នុងទំហំទុន វិនិយោគប្រមាណ៤៩៤លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៩ពាន់កន្លែង។

ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន១០គម្រោង ក្នុងទំហំទុន វិនិយោគប្រមាណ៣១លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៨ពាន់កន្លែង។

ជាការកត់សម្គាល់ ការវិនិយោគក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោង វិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការ ទាក់ទាញវិនិយោគ៕






Powered by Blogger.