ក្រសួងព័ត៌មាន ណែនាំឱ្យពង្រឹងការទទួលខុសត្រូវ ក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ស្ត្រី

ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។


បេីតាមសេចក្ដីណែនាំ ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦ ពាក់ព័ន្ធនឹងការពង្រឹងសីលធម៌សង្គម ការលើកកម្ពស់តម្លៃ និងការការពារសិទ្ធិ កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដោយផ្អែកលើតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ក្រសួងព័ត៌មាននឹងបន្ត ពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ព្រម ទាំងបន្តពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងចាត់វិធានការសមស្រប តាមច្បាប់ចំពោះការផលិត ការបង្ហោះ ការចែករំលែក និងការផ្សព្វផ្សាយ មាតិកាដែលបំពានច្បាប់ ប៉ះពាល់ដល់សីលធម៌សង្គម ឬរំលោភបំពានលើសិទ្ធិ កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់បុគ្គល ជាពិសេសស្ត្រី។
ក្នុងន័យនេះ អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពល លើបណ្តាញសង្គម អ្នកគ្រប់គ្រងគេហទំព័រ និងគណនីបណ្តាញសង្គម ព្រមទាំងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ ក្រមសីលធម៌និងវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចំពោះសង្គម ព្រមទាំងការទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះមាតិកាដែលខ្លួនបានផលិត បង្ហោះ ចែករំលែក ឬផ្សព្វផ្សាយ និងការគោរពសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

ក្រសួង បន្ដថា ត្រូវចៀសវាងការផលិត ធ្វើបទសម្ភាសន៍នានា ការបង្ហោះ ការចែករំលែក ឬការផ្សព្វផ្សាយ មាតិកាដែលមានលក្ខណៈញុះញង់ បង្កហេតុ បង្កជម្លោះ ឬជំរុញឱ្យមានការស្អប់ខ្ពើម, ជេរប្រមាថ បរិហារ កេរ្តិ៍ បន្ទាបបន្ថោក ឬធ្វើឱ្យអ្នកដទៃអាម៉ាស់, មាតិកាអាសអាភាស អនាចារ ឬផ្ទុយនឹងសីលធម៌ និង គុណតម្លៃល្អរបស់សង្គមខ្មែរ, មាតិកាដែលប្រមាថមើលងាយ ឬប៉ះពាល់ដល់តម្លៃ កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ស្ត្រី, ព្រមទាំងការប្រើប្រាស់រូបភាព វីដេអូ សំឡេង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យា ឌីជីថលផ្សេងទៀត ដើម្បីកែច្នៃ បំភ្លៃ ឬបង្កើតមាតិកាដែលបំពានសិទ្ធិ និងបង្កការខូចខាតដល់អ្នកដទៃ និងមាតិកាដែលយករូបរាង រាងកាយ ជីវិតឯកជន ឬភាពងាយរងគ្រោះរបស់ស្ត្រីមកធ្វើជាមធ្យោបាយទាក់ទាញការចាប់អារម្មណ៍ បង្កើនចំនួនអ្នកមើល ឬស្វែងរកផលប្រយោជន៍ពាណិជ្ជកម្ម ដោយបន្ទាប បន្តោកកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ក្រសួងព័ត៌មាន សូមបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវ អនុវត្តដោយភ្ជាប់ជាមួយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពច្បាប់។ សេរីភាពមិន អាចត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីបំពានសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬបង្ក ផលប៉ះពាល់ដល់សីលធម៌ និងសណ្តាប់ធ្នាប់សង្គមឡើយ៕








Powered by Blogger.