តុលាការនៅប្រទេសស៊ីរី ផ្តន្ទាទោសប្រហារជីវិតលើអតីតប្រធានាធិបតី Bashar al-Assad

ដាម៉ាស៖ តុលាការនៅប្រទេសស៊ីរី នាថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ បានសម្រេចផ្តន្ទាទោសប្រហារជីវិតដោយកំបាំងមុខ លើអតីតមេដឹកនាំ លោក Bashar al-Assad ដែលត្រូវបានទម្លាក់ពីអំណាច។

តុលាការស៊ីរី បានរកឃើញលោក Assad មានទោសពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ក៏ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំឡុងសង្រ្គាមស៊ីវិល ដែលមានរយៈពេលជាង១០ឆ្នាំ។ ការចេញសាលក្រមកាត់ទោសនេះ គឺដំបូងគេបង្អស់ធ្វើឡើងនៅក្រោម​រដ្ឋាភិបាលអន្តរកាល ដែលក្នុងឆ្នាំនេះបានចាប់ផ្តើមដំណើរការជំនុំជម្រះក្តីលើបុគ្គលពាក់ព័ន្ធនានា នៃរដ្ឋាភិបាលមុន ទាំងមាន​វត្តមានផ្ទាល់ និងដោយកំបាំងមុខ។

សូមជម្រាបថា លោក Assad ដែលកាន់តំណែងជាប្រធានាធិបតីស៊ីរី តាំងពីឆ្នាំ២០០០មក បាននាំគ្រួសាររត់ភៀសខ្លួនចេញទៅកាន់ទីក្រុងមូស្គូ នៅពេលដែលក្រុមឧទ្ទាមបានវាយលុកជិតដល់​រដ្ឋធានីដាម៉ាស កាលពីខែធ្នូ ឆ្នាំ២០២៤។ បច្ចុប្បន្នប្រទេសស៊ីរី ស្ថិតក្រោមការដឹកនាំនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់លោក Ahmed al-Sharaa ដែលជាអតីតមេចលនាក្រុមឧទ្ទាម៕



 

 

Powered by Blogger.